លោក សុក ស៊ីផាន់ណា បញ្ជាក់អាទិភាពចំនួនបី ដោះស្រាយការគំរាមកំហែងដល់សន្តិសុខលម្ហសមុទ្រដែលកំពុងកើនឡើង

សង្គម​ និង​សេដ្ឋកិច្ច

លោក សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រី និងជាប្រសិតពិសេសរបស់សម្តេចធីបតី ហ៊ុន ម៉ាណែត ទទួលបន្ទុកបេសកកម្មនៅអង្គការសហប្រជាជាតិ បានគូសបញ្ជាក់ពីអាទិភាពចំនួនបី ដើម្បីដោះស្រាយការគំរាមកំហែងដល់សន្តិសុខលម្ហសមុទ្រដែលកំពុងកើនឡើង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាសចូលរួមកិច្ចពិភាក្សាបើកចំហរកម្រិតខ្ពស់សម្រាប់ខែមេសា របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. ស្តីពី “សុវត្ថិភាព និងការការពារផ្លូវនាវាចរណ៍ នៅក្នុងដែនសមុទ្រ” នៅទីស្នាក់ការកណ្តាលអ.ស.ប. នាទីក្រុងញូវយ៉ក កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ លោក សុក ស៊ីផាន់ណា បានលើកឡើងថា អទិភាពចំនួន៣នោះគឺ៖ (១) ជម្លោះត្រូវតែដោះស្រាយដោយសន្តិវិធី តាមរយៈកិច្ចសន្ទនា និងការទូត (២) កម្ពុជាសង្កត់ធ្ងន់លើសារៈសំខាន់នៃការពង្រឹងការផ្ដល់ជំនួយបច្ចេកទេសដល់ប្រទេសឆ្នេរសមុទ្រកំពុងអភិវឌ្ឍ (៣) ក្រុមប្រឹក្សាសន្តិសុខគួរតែបង្កើតអភិក្រមរួម និងបង្ការជាមុន ដែលពង្រឹងភាពធន់រយៈពេលវែង។

លោក សុក ស៊ីផាន់ណា បានគូសបញ្ជាក់ថា កម្ពុជាប្តេជ្ញាចិត្តគោរពច្បាប់អន្តរជាតិ លើកកម្ពស់កិច្ចសន្ទនាដោយសន្តិវិធី និងពង្រឹងសន្តិសុខលម្ហសមុទ្រ រួមទាំងតាមរយៈការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន។ ទន្ទឹមនឹងនោះ ក៏បង្ហាញការប្តេជ្ញាចិត្តចំពោះតម្លាភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហើយក៏សូមស្វាគមន៍នាវាបរទេសជាមិត្តចូលចតនៅមូលដ្ឋានកងទ័ពជើងទឹករាមដែលត្រូវបានធ្វើទំនើបកម្ម សម្រាប់គោលបំណងនៃការហ្វឹកហាត់រួម ជំនួយមនុស្សធម៌ ការឆ្លើយតបគ្រោះមហន្តរាយ និងកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម៕