កម្ពុជា-ចិន បើកសមយុទ្ធរួមគ្នាជាផ្លូវការដើម្បីបង្កើនសមត្ថភាពផ្នែកសង្រ្គោះដល់កងទ័ពកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-ចិន បើកជាផ្លូវកាសមយុទ្ធរួមគ្នារវាងកងទ័ពកម្ពុជា-ចិន ផ្នែកសុខាភិបាល លើប្រធានបទ «ទេវតាសន្តិភាពឆ្នាំ២០២៣» ​កាលពីព្រឹកថ្ងៃទី១៦ ខែ​កញ្ញានេះ នៅបញ្ជាការដ្ឋានទ័ពពិសេសកងទ័ពជើងគោក ​នៅសង្កាត់កំបូល ខណ្ឌកំបូល រាជធានី​ភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ឧត្តមសេនីយ៍ទោ ប៉ែន សុក្រឹត្យវិទ្យា នាយលេខាធិការដ្ឋាន សេនាធិការចម្រុះ នៃកងយោធពលខេមរភូមិន្ទ និងជាប្រធានក្រុមចាត់ចែងទូទៅនៃសមយុទ្ធទេវតាសន្តិភាព បានឲ្យដឹងថា ការរៀបចំរួមគ្នានៃសមយុទ្ធដោយយោធាចិន និងកម្ពុជា គឺជាការអនុវត្តដ៏រស់រវើកនៃការផ្លាស់ប្តូរសេវាសុខភាពយោធា និងកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជា ក្នុងការផ្តល់ជំនួយមនុស្សធម៌ ការព្យាបាលរួមគ្នា ការជម្លៀសអ្នករបួសជាបីផ្នែក និងទិដ្ឋភាពផ្សេងទៀតក្រោមក្របខណ្ឌនៃ អង្គការសហប្រជាជាតិ។

បើតាមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ អគ្គមេបញ្ជាការរង នាយសេនាធិការចម្រុះ នៃកង​យោធពលខេមរភូមិន្ទ ​និងជាប្រធានគណៈកម្មការដឹកនាំធ្វើលំហាត់ ​និងសមយុទ្ធរវាងកង​យោធពលខេមរភូមិន្ទ ​ជាមួយបណ្តាប្រទេសជាមិត្ត ​និងការចាត់តាំងសមយុទ្ធនានា​ក្នុងកង​យោធពលខេមរភូមិន្ទ បានលើកឡើងថា ការធ្វើសមយុទ្ធផ្នែក ​សុខាភិបាលជាមួយកងទ័ពចិននាពេលនេះ គឺដើម្បីបង្កើន​សមត្ថភាពផ្នែកសង្រ្គោះដល់​កងទ័ពកម្ពុជាបន្ថែមទៀត។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍ ឥត សារ៉ាត់ ​បានបញ្ជាក់ថា ​ការធ្វើសមយុទ្ធរួមគ្នារវាង​កងទ័ពកម្ពុជា និងចិន ក្រៅពី​ផ្លាស់ប្តូរ​បទពិសោធន៍គ្នា​ផ្នែកសង្រ្គោះគ្រោះមហន្តរាយ ក៏ដើម្បីអបអរសាទរខួប​លើកទី៦៥ឆ្នាំ ​នៃការបង្កើតចំណងការទូតរវាងកម្ពុជា-ចិនផងដែរ។

លោកបន្ថែមថា ​សមយុទ្ធនេះធ្វើឡើងចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ដើម្បីលើកកម្ពស់​សមត្ថភាព ការផ្លាស់ប្តូរបទ​ពិសោធន៍​ក្នុងកិច្ចសហប្រតិបត្តិការផ្នែកសុខាភិបាល ប្រតិបត្តិការសង្រ្គោះគ្រោះមហន្តរាយ និងជំងឺឆ្លងផ្សេងៗ​ឲ្យប្រកបដោយប្រសិទ្ធភាពជាដើម។

បើតាមគម្រោង សមយុទ្ធរួមគ្នានេះមានរយៈពេល ១៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣ ដោយអនុវត្តតាមការពិតនៃការសង្គ្រោះផ្នែកវេជ្ជសាស្ត្រគ្រោះមហន្តរាយ ទាក់ទង ការជួយសង្គ្រោះរួមគ្នា ការជម្លៀសវេជ្ជសាស្រ្តរួមគ្នានៃអ្នករបួស និងអ្នកជំងឺ។ រួមគ្នាបង្ការ និងទប់ស្កាត់ជំងឺឆ្លង និងមុខវិជ្ជាផ្សេងៗទៀត។ ភាគីទាំងពីរបានប្រើប្រាស់កងទ័ពជាង ៧០០ នាក់ រួមទាំងយន្តហោះដឹកជញ្ជូន និងយន្តហោះសង្គ្រោះវេជ្ជសាស្រ្ត។ ឧបករណ៍ជាង ១០០០ ឈុត ឧទ្ធម្ភាគចក្រ Mi-17 យន្តហោះគ្មានមនុស្សបើក ឡានពេទ្យ រថយន្តការពារអនាម័យ និងជំងឺរាតត្បាត មន្ទីរពេទ្យតង់ ជាដើម៕