ខេត្តព្រះសីហនុ និងស្វាយរៀង ទទួលបានគម្រោងរោងចក្រថ្មីក្នុងទុនវិនិយោគជាង ៦៤លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ខេត្តព្រះសីហនុ និងស្វាយរៀង ទើបតែទទួលបានគម្រោងបង្កើតរោងចក្រថ្មី ក្នុងតម្លៃសរុប ៦៤.៣លានដុល្លារអាមេរិក ដែលនឹងត្រូវអនុវត្តដោយក្រុមហ៊ុនចំនួន៨ ។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនរួមមាន ៖

១-ក្រុមហ៊ុន៖  “HUALE STEEL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតដែកគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស កំពង់ផែក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៤០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥២៣កន្លែង។

២-ក្រុមហ៊ុន៖ “WANGMAO (CAMBODIA) HOMEWARE CO., LTD.” គម្រោងបង្កើតរោងចក្រផលិតអំពូលភ្លើង សម្ភារៈប្រើប្រាស់ក្នុងផ្ទះ និងបន្ទប់ទឹក និងគ្រឿងបង្គុំវាំងនន ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៦,២ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៦៩កន្លែង។

៣-ក្រុមហ៊ុន៖   “JUSHI (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតគ្រាប់ប្លាស្ទិក ខ្សែភ្លើង និងខ្សែកាប ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥៤៩កន្លែង។

៤- ក្រុមហ៊ុន៖  “STARBLAZE (CAMBODIA) PLASTIC & METAL CO., LTD.” គម្រោងបង្កើតរោងចក្រផលិតផលិតផលប្លាស្ទិក សម្ភារៈលំអ និងគ្រឿងបង្គុំ អេឡិកត្រូនិកធ្វើពីប្លាស្ទិក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង។

៥- ក្រុមហ៊ុន៖  “CAMBODIAN LUHENG PET FOOD CO., LTD.” គម្រោងបង្កើតរោងចក្រផលិតចំណី និងសម្ភារៈសម្រាប់សត្វចិញ្ចឹម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគចំនួន ៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១១៩កន្លែង។

៦- ក្រុមហ៊ុន៖  “ULTIMATE MOTION CO., LTD.” គម្រោងបង្កើតរោងចក្រផលិតសាឡុង និងគ្រឿងសង្ហារិម ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៣ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១៩៥ កន្លែង។

៧-ក្រុមហ៊ុន៖   “WANAN GAS CONTROL (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផ្គុំ និងតម្លើងសម្ភារៈបរិក្ខារចង្ក្រានហ្គាស (Regulators, Valves, Hose…) ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៦៩កន្លែង។

ចំណែកក្រុមហ៊ុនចុងក្រោយ គឺក្រុមហ៊ុន៖  “HE DUI OPTOELECTRONICS CO., LTD.” ទទួលបានសិទ្ធិបង្កើតរោងចក្រផលិតអំពូលភ្លើងលំអ និងអំពូលភ្លើង LED ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្វាយរៀង ហ្គីហ្គា រីសស៍ ខេត្តស្វាយរៀង ក្នុងទុនវិនិយោគចំនួន ១,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣៣០កន្លែងផងដែរ៕ អត្ថបទ៖ ពិសី