ក្រសួងពាណិជ្ជកម្ម នៅយប់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ប្រេងឥន្ធនៈលក់រាយអនុវត្ត ចាប់ពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ រហូតដល់ថ្ងៃជូនដំណឹងបន្ទាប់ គឺត្រូវលក់ ៥ ១៥០រៀល/លីត្រ សម្រាប់ប្រេងសាំងធម្មតា (Gasoline 92) និង ៥ ២០០រៀល/លីត្រ សម្រាប់ប្រេងម៉ាស៊ូត (Gasoil 10ppm)។

តាមរយៈសេចក្ដីជូនដំណឹងដដែលនេះ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបន្តបញ្ចុះចំនួន ៦,៥សេនដុល្លារ/លីត្រ ក្នុងគោលបំណងជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។ ក្រៅពីនោះក៏បន្តបញ្ចុះ ១សេនដុល្លារ/លីត្របន្ថែមទៀត ដោយសារថ្លៃប្រេងសាំងអន្តរជាតិឡើងលើសពី ៩០ដុល្លារ/បារ៉ែល និងប្រេងម៉ាស៊ូតអន្តរជាតិ ឡើងលើស ១០០ដុល្លារ/បារ៉ែល។
បន្ថែមទៀតនោះ រាជរដ្ឋាភិបាលក៏បានយកពន្ធគយ ០ (សូន្យ) ដុល្លារ និងបញ្ចុះ អាករបន្ថែមលើប្រេងសាំង និងប្រេងម៉ាស៊ូតមក ០ (សូន្យ) ដុល្លារ, បញ្ចុះអាករពិសេសលើប្រេងសាំងពី ៣០% មក ១៥% និង ប្រេងម៉ាស៊ូត ពី ៤% មក ០% និង បញ្ចុះអាករលើតម្លៃបន្ថែមលើប្រេងសាំងពី ១០% មក ៤% និងប្រេងម៉ាស៊ូត ពី ១០% មក ០% ដោយរាជរដ្ឋាភិបាលទទួលបន្ទុកជំនួសស់រុបចំនួន ៦% សម្រាប់ប្រេងសាំង និង ១០% សម្រាប់ប្រេងម៉ាស៊ូត៕


