សមាគមជប៉ុន-កម្ពុជា ដែលជាក្រុមអ្នកវិនិយោគិន ធុរជនជប៉ុន បានបង្ហាញការចាប់អារម្មណ៍ និងបន្តអនុវត្តផែនការធុរកិច្ចក្នុងវិស័យ សំខាន់ៗចំនួន៣ ដើម្បីរួមចំណែកក្នុងការជំរុញការរីកចម្រើនផ្នែកធុរកិច្ច និងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅកម្ពុជា។ការចាប់អារម្មណ៍នេះ បានបង្ហាញនាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៥ ក្នុងជំនួបពិភាក្សាជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។

នាឱកាសនោះ លោក តាកាហាស៊ី ហ្វូមីអាគី (TAKAHASHI Fumiaki) ប្រធានសមាគមជប៉ុន-កម្ពុជា និងជាអ្នកដឹកនាំគណៈប្រតិភូ ធុរជន បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចលើកទី៥នេះ មានការចូលរួមពីសមាជិកសមាគមទាំងថ្មី ទាំងចាស់ចំនួន ៣០ ក្រុមហ៊ុន។ លោកបន្តថា ចំណាប់អារម្មណ៍ និងផែនការធុរកិច្ចសំខាន់ៗមួយចំនួនរបស់សមាគម ដែលបានរៀបចំ និងកំពុងអនុវត្ត ដោយផ្តោតជាពិសេសលើវិស័យសំខាន់ៗ ចំនួន ៣ រួមមាន៖១. ការបណ្ដុះបណ្ដាលធនធានមនុស្ស សំដៅលើកកម្ពស់ជំនាញរបស់ពលករកម្ពុជា ដោយយកស្ដង់ដារជប៉ុនជាគោល ២.វិស័យកសិ-ឧស្សាហកម្មកែច្នៃ ដែលផ្តោតលើការកែច្នៃផលិតផលកសិផលមួយចំនួន និង៣.វិស័យឌីជីថល សំដៅបំពាក់ជំនាញឌីជីថលដល់ពលករកម្ពុជា។
ជាការឆ្លើយតប, សម្ដេចធិបតី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់សមាគមជប៉ុន-កម្ពុជា ដែលតែងតែសម្របសម្រួលដំណើរទស្សនកិច្ចរបស់សមាជិកសមាគមដែលធ្វើធុរកិច្ចក្នុងវិស័យនានា មកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា ព្រមទាំងការចូលរួមផ្សព្វផ្សាយព័ត៌មានល្អៗអំពីកម្ពុជា និងការបង្ហាញជូនធុរជនជប៉ុនអំពីកាលានុវត្តភាព និងគោលនយោបាយទាក់ទាញការវិនិយោគរបស់កម្ពុជា នាពេលកន្លងមក។
សូមជម្រាបថា តាមរយៈជំនួបខាងលើ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់អំពីការគាំទ្ររបស់រាជរដ្ឋាភិបាលកម្ពុជាចំពោះកិច្ចខិតខំប្រឹងប្រែង ក៏ដូចជាផែនការដែលសមាគមជប៉ុន-កម្ពុជា បានរៀបចំ និង ដាក់ឱ្យអនុវត្ត ខណៈសម្តេចអះអាងថា រាជរដ្ឋាភិបាលកម្ពុជានឹងបន្តបង្កលក្ខណៈងាយស្រួល និងផ្តល់កិច្ចសម្របសម្រួលដល់ការរៀបចំ និងអនុវត្តផែនការធុរកិច្ច និងវិនិយោគរបស់សមាគម នៅកម្ពុជាថែមទៀត៕អត្ថបទ៖ហ្សាលីន


