គិតត្រឹមឆមាសទី១ ឆ្នាំនេះ ទំហំប្រាក់កម្ចីពីគ្រឹះស្ថានធនាគារនៅកម្ពុជា កើនឡើងប្រមាណ ១០ភាគរយ

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមឆមាសទី១ ឆ្នាំ២០២៣ ឥណទានផ្តល់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ តាមវិស័យសេដ្ឋកិច្ច មានចំនួន ២៣៨,៧ ទ្រីលានរៀល (៥៧,៨ ប៊ីលានដុល្លារអាមេរិក) កើនឡើង ១០,៥% ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។ ឥណទានទាំងនេះគ្របដណ្តប់លើវិស័យជួញដូរដុំនិងរាយ ការទិញផ្ទះជាកម្មសិទ្ធិផ្ទាល់ខ្លួន កសិកម្ម សេវាកម្ម អចលនទ្រព្យ សំណង់ អង្គភាពគ្រួសារ កម្មន្តសាល និងឥណទានផ្សេងៗ។ នេះបើយោងតាមរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា ផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែកញ្ញនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរកត់សម្គាល់ថា ទំហំប្រាក់កម្ចីនៅក្នុងប្រទេសកម្ពុជា មានការកើនឡើងជាប្រចាំ ខណៈគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ បានដើរតួនាទីយ៉ាងសំខាន់ ក្នុងការកសាងសេដ្ឋកិច្ចជាតិ ជាពិសេសគាំទ្រដោយផ្ទាល់ដល់បុគ្គលគ្រួសារ និងអាជីវករ ដើម្បីទទួលបានភាពជោគជ័យរបស់ខ្លួន។

ទន្ទឹមនឹងនេះ ថ្នាក់ដឹកនាំធនាគារជាតិនៃកម្ពុជា លោកស្រី ជា សិរី បានក្រើនរំលឹកឲ្យប្រជាពលរដ្ឋជៀសវាងការខ្ចីប្រាក់ក្រៅផ្លូវការ ព្រោះមានហានិភ័យខ្ពស់ ដែលអាចធ្វើឲ្យប្រជាពលរដ្ឋវ័ណ្ឌកជាមួយបំណុល ដ្បិតវាមានអត្រាការប្រាក់ខ្ពស់ បើធៀបនឹងការផ្តល់កម្ចីរបស់គ្រឹះស្ថានធនាគារ និងមីក្រូហិរញ្ញវត្ថុ។

លោកស្រីបញ្ជាក់ថា ការទទួលសេវាកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ វាមានហានិភ័យទាប និងអាចទទួលបានការជួយសម្របសម្រួលពីធនាគារជាតិនៅពេលមានបញ្ហាអ្វីមួយកើតឡើង៕ អត្ថបទ៖ អក្ខរា