ប្រមុខរដ្ឋាភិបាល ដាក់ចេញយុទ្ធសាស្រ្តសំខាន់ ដើម្បីស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចដាក់ចេញនូវ​យុទ្ធសាស្រ្តសំខាន់ ដើម្បីស្តារនិងអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជាឱ្យកាន់តែរីកចំរើន ដើម្បីឈានទៅសម្រេច បាននូវចក្ខុវិស័យទេសចរណ៍គ្រប់ជ្រុងជ្រោយមួយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យុទ្ធសាស្រ្តសំខាន់ទាំងនោះ ត្រូវបានធ្វើឡើងតាមសារលិខិតរបស់សម្តេច ហ៊ុន ម៉ាណែត ដើម្បីអបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ «ទេសចរណ៍ និងការវិនិយោគបៃតង» នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣។

តាមរយៈសារលិខិតដដែល សម្តេច ហ៊ុន ម៉ាណែត បានផ្ដល់អនុសាសន៍ ៥ចំណុចដល់ក្រសួងទេសចរណ៍ ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ជាតិ-អន្តរជាតិ ដើម្បីរួមគ្នាលើកស្ទួយវិស័យទេសចរណ៍ជាតិ និងបង្កើនភាពទាក់ទាញសម្រាប់គោលដៅកម្ពុជា។

អនុសាសន៍ ៥ចំណុចរបស់សម្តេច ហ៊ុន ម៉ាណែត ក្នុងនោះរួមមាន៖ ត្រូវបង្កើនការវិនិយោគ និងបន្តកសាងមូលធនមនុស្សបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សាប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈ ដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេលអនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។

គ្រប់ក្រសួងសា្ថប័នពាក់ព័ន្ធ ត្រូវបង្កើនការវិនិយោគ លើកកម្ពស់ប្រសិទ្ធភាព នៃការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ ស្របតាមចក្ខុវិស័យឆ្ពោះទៅគោលដៅអនាគតនៃទេសចរណ៍កម្ពុជា ស្អាត បៃតង និងចីរភាព។

ត្រូវបង្កើនការវិនិយោគដើម្បីវិបុលភាពរួម តាមរយៈការជំរុញបរិវត្តកម្មឌីជីថល នវានុវត្តន៍ និងសហគ្រិនភាព ក៏ដូចជាការបង្កើនភាពទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍។

ស្ថាប័នពក់ព័ន្ធ ត្រូវបន្តជំរុញចលនាទេសចរផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការជំរុញការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» យុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី «ស្រលាញ់ជាតិត្រូវស្គាល់ទឹកដី» យុទ្ធនាការផ្សព្វផ្សាយក្រោមគុណតម្លៃ «ភាពជាខ្មែរ» និងយុទ្ធនាការទេសចរណ៍ដទៃទៀត។

បន្ថែមពីនេះ សម្តេច ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍ក្នុងវិស័យទេសចរណ៍ទាំងអស់ផ្ដល់កិច្ចសហការ និងជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យទេសចរណ៍កម្ពុជា និងជំរុញវិស័យនេះឱ្យកាន់មានភាពរស់រវើ ភាពប្រកួតប្រជែងផងដែរជាដើម៕