លោក ហូ វណ្ឌី៖ ក្រុងភ្នំពេញទាមទារឱ្យមានការរៀបចំផ្លូវថ្មើជើងឱ្យបានច្រើន ដើម្បីជំរុញភ្ញៀវទេសចរបរទេសចំណាយប្រាក់កាន់តែច្រើន

សង្គម​និង​សេដ្ឋកិច្ច

ប្រធានក្រុមប្រឹក្សានៃសមាគមទេសចរណ៍កម្ពុជាចង់ឃើញរាជធានីភ្នំពេញដែលជាតំបន់ពាណិជ្ជកម្មសំខាន់របស់ប្រទេសកម្ពុជាមួយនេះមានការរៀបចំធ្វើផ្លូវថ្មើជើងឱ្យបានច្រើន សម្រាប់ភ្ញៀវទេសចរក្នុងស្រុក ក៏ដូចជាដើម្បីជំរុញឱ្យភ្ញៀវទេសចរបរទេសចំណាយប្រាក់កាន់តែច្រើននៅពេលចូលមកទស្សនាកម្ពុជាម្តងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហូ វណ្ឌី ប្រធានក្រុមប្រឹក្សានៃសមាគមទេសចរណ៍កម្ពុជាមើលឃើញថា រឿងអនាម័យនិងសណ្តាប់ធ្នាប់នេះគឺជារឿងមួយដែលយើងឃើញថានៅរាជធានីភ្នំពេញជាចំណុចដែលត្រូវការផ្លាស់ប្តូរច្រើន បើសិនជាយើងដើរៗងាកមកមើលផ្លូវដើរថ្មើជើងសម្រាប់ភ្ញៀវទេសចរទំាងនៅក្នុងស្រុកនិងក្រៅស្រុកនៅមិនទាន់អាចទទួលយកបានទេ។ ចរចរណ៍សណ្តាប់ធ្នាប់នៅក្នុងក្រុងភ្នំពេញធ្វើយ៉ាងម៉េចឱ្យមានផ្លូវដើរបានកាន់តែឆាប់គឺកាន់តែល្អ ព្រោះវាផ្តល់សុវត្ថិភាពទំាងកាយនិងចិត្តដល់ភ្ញៀវ។

បើតាមលោក ហូ វណ្ឌី បើនិយាយពីខេត្តសៀមរាបនិងខេត្តព្រះសីហនុ ថ្នាក់ដឹកនាំក្នុងខេត្តបានរៀបចំធ្វើផ្លូវថ្មើជើងហើយរងចំាតែភ្ញៀវទេសចរត្រឡប់មកវិញ។

លោកសង្កត់ធ្ងន់ថា«ប៉ុន្តែរាជធានីភ្នំពេញដែលជាតំបន់ពាណិជ្ជកម្ម ក៏ដូចជាតំបន់នយោបាយនិងវប្បធម៌ប្រវត្តិសាស្ត្រនេះ យើងត្រូវតែមានការធ្វើផ្លូវថ្មើជើងឱ្យបានច្រើនគឺកាន់តែល្អ ដើម្បីផ្តល់ជូនភ្ញៀវទេសចរក្នុងស្រុកក៏ដូចជាទាក់ទាញភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរពីឆ្ងាយមកចង់ដើរមើលពីជីវភាពរស់នៅប្រចំាថ្ងៃ ក៏ដូចជាការលក់ដូររបស់ប្រជាពលរដ្ឋក្នុងស្រុក»។

លោកលើកឡើងថា« បើសិនជាភ្ញៀវទេសចរក្រៅប្រទេសចំណាយពេលដើរបានច្រើនមានន័យថា ការលក់ដូរ ការផ្គត់ផ្គង់ទំនិញនិងសេវាផ្សេងៗរបស់បងប្អូនប្រជាពលរដ្ឋក៏បានច្រើនផងដែរ តែបើករណីភ្ញៀវមកកម្ពុជាអង្គុយលេងតែនៅក្នុងឡានទេនោះការបាត់បង់អត្ថប្រយោជន៍របស់យើងក៏មានច្រើន។ភ្ញៀវទេសចរក្នុងស្រុកចំណាយថវិកានិងពេលវេលាតិចតួចក្នុងកាដើរកម្សាន្ត ប៉ុន្តែភ្ញៀវបរទេសចូលមកទស្សនាកម្ពុជាបានចំណាយច្រើន ហើយបានស្រោចស្រពទៅលើស្ថាប័នពាក់ព័ន្ធទំាងរដ្ឋនិងឯកជនទទួលបានប្រយោជន៍ដូចគ្នា»។

តាមលោក ហូ វណ្ឌ ប្រធានក្រុមប្រឹក្សានៃសមាគមទេសចរណ៍កម្ពុជា ដើម្បីឱ្យវិស័យទេសចរណ៍កម្ពុជាមានលក្ខណៈល្អប្រសើរទាល់តែដរាបណាយើងមាការកែតម្រូវ ផ្លាស់ប្តូរខ្លះ ទើបយើងអាចមានសង្ឃឹមថានៅរយៈពេល២ឬ៣ឆ្នំាទៀតទើបឃើញមានភ្ញៀវទេសចរមកវិញច្រើនដូចមុនកាលវិបត្តិជំងឺកូវីដ១៩៕

អត្ថបទ៖សារេត