ទីផ្សារតម្លៃមាស នៅតែបន្តធ្លាក់ចុះយ៉ាងខ្លាំង

សង្គម​និង​សេដ្ឋកិច្ច

ទីផ្សារតម្លៃមាសមួយរយៈចុងក្រោយនេះ មានការធ្លាក់ចុះយ៉ាងគំហុក ពោលនៅថ្ងៃទី២៩ ខែកញ្ញា នេះ តម្លៃមាសអន្តរជាតិ ១អោន មានតម្លៃ ១៨៦៦ដុល្លារ, ១ជី មានតម្លៃ ២២៤ដុល្លារ, ១តម្លឹង មានតម្លៃ ២២៤៨ដុល្លារ។នេះបើតាមអ្នកស្រី សូ លីតា  អ្នកប្រឹក្សា និង វិភាគតម្លៃហាងឆេងមាសអន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
ហាងមាសដារី៩៩៩

អ្នកស្រី បានឱ្យដឹងថា សម្រាប់តម្លៃហាងឆេងមាសអន្តរជាតិបច្ចុប្បន្ន គិតជាខ្នាតអោន ១អោន មាន៨.៣ជី ជាក់ស្តែងនៅថ្ងៃទី២៩ ខែកញ្ញានេះ មាសមួយតោនមានតម្លៃ១៨៦៦ដុល្លារ, ចំណែកតម្លៃ១ជី ២២៤ដុល្លារ,និង១តម្លឹង មានតម្លៃ ២២៤៨ដុល្លារ។ទាក់ទងជាមួយនឹងហាងឆេងមាសគឺចាប់ចុះពីថ្ងៃទី២៧ មក ធ្លាក់ចុះពីចន្លោះ៤០ទៅ៥០លេខ។

ការធ្លាក់ថ្លៃនេះ បើតាមអ្នកវិភាគហាងឆេងមាសរូបនេះ គឺអាចបណ្តាលមកពីប្រាក់ដុល្លារមានការកើនឡើងខ្លាំង ក្រោយធនាគារកណ្តាលរបស់អាមេរិក ដំឡើងអត្រាការប្រាក់ ដើម្បីទប់ទល់នឹងការកើនឡើងអតិផរណា ធ្វើឱ្យតម្លៃមាសធ្លាក់ចុះ។ហើយការធ្លាក់ចុះនេះ មិនបង្កជាបញ្ហាដល់សេដ្ឋកិច្ច ឬអ្នកជួញដូរ វិនិយោគមាសនោះទេ ពោលនៅតែអាចរកប្រាក់ចំណេញបាន។ប៉ុន្តែអ្នកស្រី លើកឡើងថា វាក៏ជាបញ្ហាសម្រាប់អាជីវករ ឬអ្នកទិញ លក់មាសផងដែរ ព្រោះដោយសារអ្នកលក់នៅពេលទិញមាសក្នុងតម្លៃថ្លៃ មកលក់ក្នុងតម្លៃទាប នោះអាចបណ្តាលឱ្យពួកគាត់ខាត។

ជាមួយគ្នានេះ បើតាមអាជីវករលក់មាសមួយកន្លែង បានឱ្យដឹងថា តម្លៃមាសក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ពោលចាប់ពីខែសីហាមក ចាប់មានការធ្លាក់ចុះបន្តិចម្តងៗរហូតមកដល់ថ្ងៃទី២៩ កញ្ញានេះ មាសគីឡូមានតម្លៃ២៣០ដុល្លារ សម្រាប់លក់ចេញ និងតម្លៃ២២០ សម្រាប់ទិញចូល, ចំណែកផ្លាទីនទឹក៧៥ មានតម្លៃ១៧២ដុល្លារ លក់ចេញ និង១៦២ដុល្លារ សម្រាប់ទិញចូល,រីឯផ្លាទីនទីក៧០វិញ មានតម្លៃ១៦០ដុល្លារ លក់ចេញ និង ១៥០ដុល្លារ ក្នុងតម្លៃទិញចូល។

អាជីវកររូបនេះ បានលើកឡើងថា ការធ្លាក់ចុះនេះ ធ្វើឱ្យមានអតិថិជនចូលមកទិញច្រើន  ចំណែកអ្នកយកទៅលក់មិនសូវមាននោះទេ។ លោកបន្តថា ម្យ៉ាងទៀតក៏មិនសូវផ្តល់ផលល្អនោះទេសម្រាប់អាជីវករ ព្រោះកាលទិញមកមានតម្លៃថ្លៃ ដល់ពេលលក់ក្នុងតម្លៃទាប ធ្វើឱ្យមានការខាត ឬមិនសូវចំណេញ។

អ្នកប្រឹក្សាតម្លៃហាងឆេងមាស បានបញ្ជាក់ថា ចំពោះការធ្លាក់ថ្លៃនេះ មិនទាន់អាចព្យាករថានឹងធ្លាក់ថ្លៃបន្តឬកើនឡើងវិញទៅថ្ងៃខាងមុខនោះទេ ដោយសារតែទំនោរផ្សារឡើងចុះ ផ្អែកលើស្ថានភាពជាក់ស្តែងនៅលើពិភពលោក៕