ធនាគារADB បញ្ចេញទឹកប្រាក់ ១០០ ពាន់លានដុល្លារ ដើម្បីជួយដល់អាស៊ី និងប៉ាស៊ីហ្វិក

សង្គម​និង​សេដ្ឋកិច្ច

ធនាគារអភិវឌ្ឍន៍អាស៊ីហៅកាត់ថាADB នៅថ្ងៃនេះបានអនុម័តកំណែទម្រង់ការគ្រប់គ្រងមូលធនដែលបញ្ចេញទឹកប្រាក់ ១00 ពាន់លានដុល្លារ ជាទំហំនៃការផ្តល់មូលនិធិថ្មី ក្នុងរយៈពេលមួយទសវត្សរ៍ក្រោយ ដើម្បីដោះស្រាយវិបត្តិដែលកើតផ្ទួនៗ និងបន្តបន្ទាប់គ្នាក្នុងតំបន់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការពង្រីកទំហំមូលនិធិនេះនឹងត្រូវបង្កើនថែមទៀត តាមរយៈការកៀងគរមូលធនឯកជននិងមូលនិធិក្នុងស្រុក ដើម្បីដំឡើងពីចំនួនពាន់លានទៅចំនួនពាន់ពាន់លានដែលនឹងត្រូវការដើម្បីដោះស្រាយវិបត្តិអាកាសធាតុ។នេះបើយោងតាមADBឱ្យដឹងនៅថ្ងៃទី២៩ ខែកញ្ញានេះ។

បើតាមធនាគារ ADB កំណែទម្រង់ទាំងនេះត្រូវបានធ្វើឡើងតាមរយៈ ការធ្វើបច្ចុប្បន្នភាពនៃក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធនរបស់ ADB។ វាពង្រីកបរិមាណនៃការប្តេជ្ញាជួយថ្មីប្រចាំឆ្នាំរបស់ADBដល់ជាង ៣៦ ពាន់លានដុល្លារ ពោលគឺកើនឡើងប្រមាណ ១០ ពាន់លានដុល្លារ ឬប្រហែល ៤0% ។ការដំឡើងនេះអាចធ្វើទៅបានដោយសារការបង្កើនកម្រិតនៃមូលធនភាវូនីយកម្មរបស់ ADB ជាមួយការរក្សាបាននូវហានិភ័យនានារបស់វា។កំណែទម្រង់ទាំងនេះក៏បង្កើតជា ជំនួយដល់ការផ្តល់កម្ចីដោះស្រាយបញ្ហារំខានដល់ដំណើរសេដ្ឋកិច្ច  ដើម្បីគាំទ្រដល់ប្រទេសសមាជិកកំពុងអភិវឌ្ឍ(DMCs) របស់ ADB ដែលប្រឈមនឹងវិបត្តិដែលមិននឹកស្មានដល់។

វិធានការទាំងនេះ ដែលនឹងអនុញ្ញាតឱ្យ ADB ផ្តល់ហិរញ្ញប្បទានផ្ទាល់ខ្លួនរហូតដល់ ៣៦០ ពាន់លានដុល្លារដល់ DMCs និងអតិថិជនផ្នែកឯកជនរបស់ខ្លួនក្នុងទសវត្សរ៍ក្រោយ ត្រូវបានរៀបចំឡើងដើម្បីធានាថា ADB រក្សាចំណាត់ថ្នាក់ឥណទាន AAA របស់ខ្លួន និងសមត្ថភាពរបស់ខ្លួនក្នុងការផ្តល់មូលនិធិដល់ DMCs ក្នុងតម្លៃទាបនិងមានកាលកំណត់វែង។កំណែទម្រង់នេះការពារការវាយតម្លៃឥណទាន AAA របស់ ADB បន្ថែមទៀតតាមរយៈការអនុវត្តផែនការស្តារឡើងវិញ ដែលនឹងការពារការថយចុះនៃដើមទុនក្នុងអំឡុងពេលមានភាពតានតឹងផ្នែកហិរញ្ញវត្ថុ។ក្របខណ្ឌភាពគ្រប់គ្រាន់នៃមូលធនរបស់ ADB នឹងត្រូវពិនិត្យឡើងវិញរៀងរាល់បីឆ្នាំម្តង។

ប្រធាន ADB លោក Masatsugu Asakawa មានប្រសាសន៍ថា «កំណែទម្រង់សំខាន់ៗទាំងនេះនឹងចូលរួមយ៉ាងខ្លាំងក្លាក្នុងការពង្រីកសមត្ថភាពរបស់ ADB ដើម្បីជួយដល់កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍សំខាន់ៗជាច្រើននៅទូទាំងអាស៊ីនិងប៉ាស៊ីហ្វិក ដែលរួមមានធនធានសម្បទាន កាន់តែច្រើនសម្រាប់សមាជិកដែលងាយរងគ្រោះរបស់យើង។ការសម្រេចចិត្តរបស់យើងនៅថ្ងៃនេះ គឺជាផ្នែកមួយនៃការឆ្លើយ តបរបស់ ADB ចំពោះការអំពាវនាវឱ្យធនាគារអភិវឌ្ឍន៍ពហុភាគី  ជួយកាន់តែច្រើននិងលឿន ជាងមុនជាមួយនឹងធនធានរបស់យើង។ធនធានទាំងនេះ នឹងជួយតំបន់នេះគ្រប់គ្រងសំណុំស្មុគស្មាញ នៃវិបត្តិកើនឡើងផ្ទួនគ្នា ដោះស្រាយវិសមភាពយេនឌ័រ និងផ្តល់តម្រូវការជាមូលដ្ឋានក្នុងបរិបទបញ្ហា ប្រឈមនៃការប្រែប្រួលអាកាសធាតុ។ទំហំនៃការផ្តល់ប្រាក់កម្ចីបន្ថែមនេះ នឹងត្រូវបានពង្រីកបន្ថែមទៀត ដោយការខិតខំប្រឹងប្រែងបន្ថែមដើម្បីប្រមូលមូលធនឯកជន និងមូលធនក្នុងស្រុក និងដើម្បីបង្កើន ឥទ្ធិពលនៃការងាររបស់យើង»។

ការកៀរគរមូលធនឯកជននឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការបង្កើនមូលធនពី ចំនួនពាន់លាន(millions) ទៅពាន់ពាន់លាន (trillions) ដោយពង្រីកការចូលរួមរបស់វិស័យឯកជននៅក្នុងការងារ អភិវឌ្ឍន៍។សកម្មភាពនៅថ្នាក់លើ នឹងជួយកែលម្អគោលនយោបាយម៉ាក្រូសេដ្ឋកិច្ចនិងស្ថាប័ន និង បរិយាកាស អំណោយផលសម្រាប់ការវិនិយោគរបស់វិស័យឯកជន ដែលជំរុញឱ្យមានការកើនឡើងនៃការ វិនិយោគក្នុងស្រុក និងបរទេស។ជំនួយផ្នែកប្រឹក្សាសម្រាប់ថ្នាក់មធ្យម នឹងជួយបង្កើតគម្រោងត្រៀម និង រៀបចំគម្រោងដែលនឹងទទួលបានជោគជ័យដើម្បីអាចទាក់ទាញការវិនិយោគពីវិស័យឯកជន។

ការផ្តល់ហិរញ្ញប្បទាននៅថ្នាក់ក្រោម នឹងត្រូវបានរៀបចំឡើងដើម្បីប្រមូលផ្តុំមូលធនឯកជន សម្រាប់គម្រោង អភិវឌ្ឍន៍ រួមទាំងការកាត់បន្ថយហានិភ័យសម្រាប់វិស័យឯកជនផងដែរ។ការសម្រួលពីថ្នាក់លើ និងការ កៀរគរមូលធននិងការចូលរួមនៅថ្នាក់កណ្តាលនិងថ្នាក់ក្រោម នឹងបន្ថែមសមត្ថភាពគាំទ្ររបស់ ADB ដោយបង្កើនធនធានដែលមានសម្រាប់គាំទ្រការអភិវឌ្ឍក្នុងតំបន់៕

អត្ថបទ៖សារេត