ឯកអគ្គរដ្ឋទូត ចង់ឱ្យកម្ពុជាបង្កើតស្ថានទូតនៅសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ដើម្បីពង្រីកពាណិជ្ជកម្ម និងទំនាក់ទំនង

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈជំនួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៣ លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម  ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថានប្រចាំកម្ពុជា បានស្នើសុំឱ្យមានការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ហ្សាហៀរូឌីន បាបា ថាហ៊ីម (Zaheeruddin Babar Thaheem) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហាញនូវក្តីសង្ឃឹមថា កិច្ចសហប្រតិបត្តិការកម្ពុជា-ប៉ាគីស្ថាន នឹងកាន់តែត្រូវបានលើកកម្ពស់ប្រសើរឡើងបន្ថែមទៀត ជាពិសេសស្របពេលដែលកន្លងមក ប្រទេសទាំងពីរមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នា នៅក្នុងវិស័យជាច្រើន ជាអាទិ៍ វិស័យពាណិជ្ជកម្ម។

លោកបន្តថា «កិច្ចសហប្រតិបត្តិការល្អរបស់ប្រទេសទាំងពី ត្រូវបានកត់សម្គាល់តាមរយៈលទ្ធភាពនៃការបង្កើតគណៈកម្មការពាណិជ្ជកម្មចម្រុះ (Joint Trade Committee) ដែលជាយន្តការល្អមួយដើម្បីពង្រីកកិច្ចសហប្រតិបត្តិការនៅក្នុងវិស័យនេះ។  ដោយទ្បែក វិស័យការពារជាតិ ក៏បានស្តែងឡើងតាមរយៈការចូលចតនាវា និងការបំពេញទស្សនកិច្ចផ្លូវការរបស់មន្ត្រីយោធាជាន់ខ្ពស់ផងដែរ  លើសពីនេះ ភាគីទាំងពីរក៏បានឯកភាពគ្នា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការបន្ថែមទៀត នៅក្នុងវិស័យកសិកម្មផងដែរ»។

ឆ្លៀតក្នុងឱកាសនោះដែរ លោកឯកអគ្គរដ្ឋទូត ថែមទាំងបានគោរពអញ្ជើញ សម្តេច ហ៊ុន ម៉ាណែត ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន និងបានស្នើសុំឱ្យមានការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ដើម្បីជួយសម្រួលដល់យន្តការផ្សេងៗ ជាពិសេសដើម្បីបម្រើឱ្យវិស័យពាណិជ្ជកម្ម និងទំនាក់ទំនងរវាងប្រជាជន និងប្រជាជនថែមទៀត។

ជាការឆ្លើយតប សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានឯកភាពចំពោះការស្នើនៃការបង្កើតស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន គឺដូចទៅនឹងអ្វីដែល សម្តេចតេជោ ធ្លាប់បានឯកភាពកាលពីពេលមុនកន្លងមកដែរ ។

ជាងនេះទៀត តាមរយៈជំនួបនោះដែរ សម្តេច ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីការបន្តអនុវត្តនូវគោលនយោបាយនៃការរក្សាទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការល្អ ជាមួយសាធារណរដ្ឋអ៉ីស្លាមប៉ាគីស្ថាន ព្រមទាំងសង្ឃឹមថា ប្រទេសទាំងពីរនឹងអាចពង្រឹង និងពង្រីក កាន់តែប្រសើរឡើង ថែមទៀត៕ អត្ថបទ៖ ពិសី