កសិដ្ឋានចិញ្ចឹមមាន់ស្រុកបង្កើនវិធានការជីវៈសុវត្ថិភាពដើម្បីការពារសត្វពីជំងឺផ្តាសាយបក្សី H5N1

សង្គម​និង​សេដ្ឋកិច្ច

ទន្ទឹមនិងជំងឺផ្តាសាយបក្សី H5N1បានកើតឡើងនៅក្នុងស្រុកនាពេលថ្មីៗនេះ វាមិនទាន់បានធ្វើឱ្យកសិដ្ឋានមួយចំនួនមានការព្រួយបារម្ភថា និងបង្កផលប៉ះពាល់ទៅដល់ការផ្គត់ផ្គង់សាច់នៅលើទីផ្សានាពេលសព្វថ្ងៃនេះនៅឡើយនោះទេ ដោយសារប្រជាពលរដ្ឋសុទ្ធតែបានដឹង ហើយរាជរដ្ឋាភិបាលក៏បានណែនាំឱ្យពលរដ្ឋបរិភោគអាហារដែលបានចម្អិនឆ្អិនល្អដែលបានផ្សព្វផ្សាយនៅគ្រប់ប្រព័ន្ធសារព័ត៌មាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក សុក សីហា ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់ខ្នាតធំមួយកន្លែងនៅខាងខេត្តកំពង់ស្ពឺបានឱ្យដឹងថា សម្រាប់ម្ចាស់កសិដ្ឋានចិញ្ចឹមមាន់យើងត្រូវបង្កើនវិធានជីវៈសុវត្ថិភាព តឹងរឹងជាងមុនដូចជាបាញ់ថ្នាំនៅក្នងកសិដ្ឋាន,ត្រួតពិនិត្យសុខភាពមាន់ជាប្រចាំ ,ចាក់វ៉ាក់សាំងការពារជំងឺផ្តាសាយបក្សី,មិនឱ្យមានការទិញសាច់មាន់មកបរិភោគក្នុងកសិដ្ឋាន នឹងឧស្សាហ៏យកឈាមមាន់ពិនិត្យមើលអង់ទីគ័រ ។

បើតាមលោក សុក សីហា ស្ថិតកាលៈទេសៈជំងឺផ្តាសាយបក្សីកំពុងមានកើតឡើងនៅក្នុងប្រទេសនេះ សម្រាប់កសិដ្ឋានរបស់លោកមានថ្នាំជាប់ជាប្រចាំ ហើយប្រើថ្នាំសម្លាប់មេរោគតាមរដូវកាល ហើយម្យ៉ាង វាមិនមែនជាជំងឺថ្មី អាចការពារវាបានតាមការចាក់វ៉ាក់សាំងចំនួន១-២ដងជាប្រចាំ។ប៉ុន្តែសម្រាប់កសិករ និងកសិដ្ឋានចិញ្ចឹមមាន់ខ្នាតតូចៗ ដោយសារពួកគាត់មិនបានចាក់វ៉ាក់សាំងការពារឱ្យបានទៅតាមកម្មវិធី ត្រូវបង្កើនការយកចិត្តទុកដាក់ខ្ពស់ តែទោះជាបែបនេះក្តីលោកក៏នៅមានការព្រួយបារម្ភខ្លះៗដែរ។

លោក សុក សីហា សង្កត់ធ្ងន់ថា “តាមការយល់ឃើញរបស់ខ្ញុំ សម្រាប់កសិដ្ឋានធំៗ ដូចខ្ញុំ ក៏នៅតែមានការបារម្ភដែរ ដោយសារថា ខ្លាចវីរុសហ្នឹងវាបម្លែងខ្លួន ទៅជាវីរុសប្រភេទផ្សេងទៀតដែលវាក់សាំងសព្វថ្ងៃមិនអាចការពារបាន”។

ទាក់ទងនិងជំងឺផ្តាសាយបក្សីហាស់៥អ៊ិន១(H5N1)នេះ បើយោងតាមសចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលថ្មីៗនេះបង្ហាញថា មានអ្នកជំងឺផ្តាសាយបក្សី១ករណីទៀតកើតលើកុមារីអាយុ២ឆ្នំាដែលបានស្លាប់ និងត្រូវបានបញ្ជាក់ថា វិជ្ជមានវីរុសផ្តាសាយបក្សីប្រភេទ ហាស់៥អ៊ិន១ (H5N1) ពីវិទ្យាស្ថានជាតិសុខភាពសាធារណៈនៅថ្ងៃទី៩ខែតុលាឆ្នំា២០២៣។

ក្រសួងសុខាភិបាលគូសបញ្ជាក់ថា “ជំងឺផ្តាសាយបក្សី H5N1គឺជាជំងឺផ្តាសាយមួយដែលជាធម្មតាចម្លងរវាងសត្វបក្សីឈឺទៅបក្សីផ្សេងទៀត ប៉ុន្តែជួនកាលវាអាចចម្លងពីបក្សីទៅមនុស្ស តាមរយៈការប៉ះពាល់ជិតស្និទ្ធជាមួយបក្សីដែលឈីស្លាប់។ជំងឺផ្តាសាយបក្សីលើមនុស្សជាជំងឺធ្ងន់ធ្ងរ ដែលតម្រូវឱ្យមានការធ្វើការព្យាបាលនៅមន្ទីរពេទ្យទាន់ពេលវេលា។ ទោះបីជាវាមិនងាយឆ្លងពីមនុស្សទៅមនុស្ស ប៉ុន្តែបើវាអាចបំប្លែងខ្លួនបានដូចនឹងជំងឺផ្តាសាយតាមរដូវកាលផងដែរ”៕អត្ថបទ៖សារេត