ចិន ឯកភាពជាមួយកម្ពុជាកំណត់យកឆ្នាំ២០២៤លើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីចិនលោក លី ឈាង បានឯកភាពតាមសំណើរបស់នាយករដ្ឋមន្ត្រីកម្ពុជា ពាក់ព័ន្ធនឹងគម្រោងនៃការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស។ ការឯកភាពពីលោក លី ឈាង ធ្វើឡើងក្នុងជំនួបពិភាក្សាការងារកាលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៅរដ្ឋធានីប៉េកាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនេះ លោក លី ឈាង បានរំលេចផងដែរនូវសមិទ្ធផលនានាជាច្រើន ដែលកើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ លើគម្រោងជាច្រើន ជាពិសេស ការបើកឱ្យដំណើរការជាផ្លូវការនូវអាកាសយានដ្ឋានអន្តរជាតិថ្មី នៅក្នុងខេត្តសៀមរាប កាលពីថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ ក៏ដូចជាការចុះអនុស្សារណៈនៃការយោគយល់ (MOU) ពាក់ព័ន្ធនឹងគម្រោងមួយចំនួន នៅក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។

ចំពោះវឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិន, សម្តេចធិបតីនាយករដ្ឋមន្រ្តីបានសម្តែងនូវក្តីពេញចិត្តចំពោះការសម្រេចបាននូវការចុះហត្ថលេខាលើ MOU ចំនួនប្រាំបី ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត ។

ក្រៅពីនេះ ថ្នាក់ដឹកនាំទាំងពីរ ក៏បានពិភាក្សាផងដែរអំពីទិសដៅនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងៗទៀត រួមមាន៖ វិស័យវិនិយោគ, កសិកម្ម, ពាណិជ្ជកម្ម, អប់រំ, កីទ្បា, ការពារជាតិ, សុខាភិបាល និងការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត ក្នុងក្របខ័ណ្ឌនៃគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ។ សំខាន់ផងដែរនោះលោក លី ឈាង ក៏បានឯកភាពតាមសំណើរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងគម្រោងនៃការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាននៃការលើកកម្ពស់វិស័យទេសចរណ៍ និងការតភ្ជាប់រវាងប្រទេស និងប្រទេស ដោយយកកត្តាប្រជាជនជាគោល៕