កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ពិនិត្យលទ្ធភាពនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសមជ្ឈិមបូព៌ា

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា-អេមីរ៉ាតអារ៉ាប់រួម ពិភាក្សាពិនិត្យលទ្ធភាព ក្នុងការនាំចេញស្រូវអង្ករពីកម្ពុជា ទៅកាន់ទីផ្សារប្រទេសមជ្ឈិមបូព៌ាដែលរួមមានប្រទេស អ៊ីរ៉ង់ អ៊ីរ៉ាក់ ស៊ីរី ជាដើម។នេះបើតាមរយៈជំនួបពិភាក្សាការងាររវាងលោក យ៉ង សាំង កុមា រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយតំណាងពាណិជ្ជករមកពីមជ្ឍិមបូព៌ា កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គោលបំណងសំខាន់នៅក្នុងជំនួបនោះ គឺប្រទេសនៅមជ្ឈិមបូព៌ាពិនិត្យលទ្ធភាពនាំចេញស្រូវអង្ករកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ។ជាមួយគ្នានោះ លោក យ៉ង សាំងកុមា បានសម្តែងការស្វាគមន៍ចំពោះភាគីអេមីរ៉ាតអារ៉ាប់រួម ដែលមានបំណងចង់វិនិយោគស្រូវអង្ករកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ដោយលោក ក៏បានលើកឡើងពីប្រភេទពូជផ្ការំដួល និងសែនក្រអូប ដែលជាអង្ករល្អនៅកម្ពុជា មានលក្ខណៈពិសេស និងថែមទាំងទទួលបានពានរង្វាន់ ៥ឆ្នាំផងដែរ ដែលចង់ជំរុញនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

លោក បញ្ចាក់ថា ការនាំចេញកសិផលកសិកម្មកម្ពុជា ជាពិសេសស្រូវអង្ករនេះ គឺជាកត្តាចាំបាច់ ដែលអាចជួយឱ្យកសិករមានទីផ្សារ តម្លៃបន្ថែមខ្ពស់ មានប្រសិទ្ធិភាព និងនិរន្តរភាព។លើសពីនេះទៅទៀត លោកក៏បានណែនាំពីផលិតផលសក្តានុពលបន្ថែមទៀត ដែលកម្ពុជាមាន ដូចជា ស្វាយ ស្វាយចន្ទី ម្រេច ផងដែរ។

យោងតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា រយៈពេល៨ខែ ឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានជាង ៤០ ម៉ឺនតោន ស្មើនឹង ៥៨ ភាគរយ នៃផែនការ ៧០ ម៉ឺនតោន ដែលគិតជាទឹកប្រាក់ប្រមាណជាង ២៧៨ លានដុល្លារ និងនាំចេញស្រូវបានជិត ៣ លានតោន គិតទឹកប្រាក់ជាង ៨១៤ លានដុល្លារ៕