ពីទីក្រុងរីយ៉ាដ លោក ផាម មីញជីញ គាំទ្រគំនិតសម្តេចធិបតី ហ៊ុន ម៉ាណែត គម្រោងតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក

សង្គម​និង​សេដ្ឋកិច្ច

នាយករដ្ឋមន្ត្រីវៀតណាម ប្រកាសគាំទ្រគំនិតផ្តួចផ្តើមរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។ ការប្រកាសយ៉ាងដូច្នេះរបស់នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មីញជីញ (Pham Minh Chinh) កាលព្រឹកថ្ងៃទី២០ ខែតុលា ក្នុងជំនួបជាមួយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ក្រៅកិច្ចប្រជុំកំពូលអាស៊ាន-ក្រុមប្រឹក្សាសហប្រតិបត្តិការឈូងសមុទ្រ នៅទីក្រុងរីយ៉ាដ ប្រទេសអារ៉ាប៊ីសាអូឌីត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងជំនួបនេះមេដឹកនាំនៃប្រទេសទាំងពីរក្រៅតែពីបានសម្តែងនូវរីករាយនិងសួរទុក្ខគ្នាហើយនោះ លោក ផាម មីញជីញ បានបញ្ជាក់ថា ប្រទេសវៀតណាមកំពុងតែរៀបចំចាំទទួលដំណើរអញ្ជើញបំពេញទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ទៅកាន់ប្រទេសវៀតណាម នាពេលឆាប់ៗខាងមុខនេះ ។

ក្នុងជំនួបនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានរំឭកផងដែរអំពីលទ្ធផលសំខាន់ៗ នៃជំនួបពិភាក្សាជាមួយប្រធានរដ្ឋវៀតណាម ក្នុងឱកាសនៃការចូលរួមក្នុង «វេទិកាខ្សែក្រវាត់ និងផ្លូវ លើកទី៣» នៅរដ្ឋធានីប៉េកាំង កន្លងទៅថ្មីៗនេះ ជាពិសេសការពិភាក្សាអំពីការចរចានៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ ដែលការតភ្ជាប់នេះ នឹងជួយសម្រួលដល់ការផ្លាស់ប្តូរពាណិជ្ជកម្ម និងទេសចរណ៍ ។

ជាលទ្ធផលនៃជំនួបនេះ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់វិស័យ និងគ្រប់កម្រិត ជាពិសេស នាយករដ្ឋមន្ត្រីវៀតណាម បានបញ្ជាក់អំពីការគាំទ្រលើគំនិតផ្តួចផ្តើមរបស់ សម្តេចធិបតី ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការទេសចរណ៍ត្រីភាគី កម្ពុជា-ឡាវ-វៀតណាម ប្រទេសបី គោលដៅតែមួយ (Three Countries One Destination) ក៏ដូចជាគម្រោងនៃការតភ្ជាប់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងបាវិត-ហូជីមិញ និងការតភ្ជាប់ផ្លូវដែក។

ក្រៅពីនេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ ក៏បានឯកភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួនទៀត ដូចជា វិស័យ ការពារជាតិ, សន្តិសុខ, និងការអនុវត្តច្បាប់ជាដើម៕