លោក ស៊ុន ចាន់ថុល៖ បើអ្វីៗតាមដំណើរការ ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងបើកការដ្ឋានសាងសង់ នៅឆ្នាំក្រោយ

សង្គម​និង​សេដ្ឋកិច្ច

លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា បើអ្វីៗស្របតាមដំណើរការ ផ្លូវល្បឿនលឿនទី៣ ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត នឹងបើកការដ្ឋានសាងសង់យ៉ាងយូរនៅបំណាច់ឆ្នាំឆ្នាំ២០២៤ខាងមុខនេះ។ ​ការលើកឡើងបែបនេះ របស់លោក នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខ័ណ្ណ គម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ- សៀមរាប- ប៉ោយប៉ែត រវាងរាជរដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន(CRBC)នៅរសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងនៅក្នុងឱកាសនោះ លោក ស៊ុន ចាន់ថុល បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ- សៀមរាប- ប៉ោយប៉ែត គ្រោងចំណាយប្រមាណ១០លានដុល្លារ ក្នុងមួយគីឡូម៉ែត្រ មានប្រវែងសរុបប្រមាណ ៤០០គីឡូម៉ែត្រ ចែកចេញជា២ដំណាក់កាល ដំណាក់កាលទី១ពីភ្នំពេញ សៀមរាប មានប្រវែងប្រមាណ២៥០គីឡូម៉ែត្រ និងដំណាក់កាលទី២ ពីសៀមរាប ប៉ោយបែត មានប្រវែង ១៥០គីឡូម៉ែត្រ។

លោក បានបញ្ជាក់ថា ការសាងសង់នូវផ្លូវល្បឿនលឿននេះ ធ្វើយ៉ាងណាដើម្បីកុំឱ្យមានការចំណាយខ្ពស់ក្នុងការសាងសង់ និងជាពិសេសកាត់បន្ថយការប៉ះពាល់ផ្ទះបងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានោះ បើតាមរដ្ឋមន្រ្តីក្រសួងសាធារណការ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន CRBC សិក្សាយ៉ាងយូររយៈពេល ៦ខែ ដើម្បីសិក្សាលម្អិតពីលទ្ធផលរបស់គម្រោងនេះ មុនដាក់ជូនរាជរដ្ឋាភិបាល ជាពិសេសគណៈគម្មាអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សា នឹងឈានទៅដល់ការចរចាកិច្ចព្រមព្រៀងភាពជាដៃគូរ និងឯកជន ដូចទៅនឹងគម្រោងផ្លូវល្បឿនលឿនភ្នំពេញ- បាវិតដែរ។

សូមជម្រាបផងដែរថា គម្រោងផ្លូវល្បឿនលឿនភ្នំពេញ- សៀមរាប- ប៉ោយប៉ែត ជាគម្រោងផ្លូវល្បឿនលឿនទី៣ ហើយក្នុងប្រទេសកម្ពុជា បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ- បាវិត៕

អត្ថបទ៖ ស៊ីណាត