កម្ពុជាបានត្រៀមរួចជាស្រេច និងរង់ចាំតែការសម្រេចចិត្តរបស់វិនិយោគិនបរទេសមកបណ្ដាក់ទុន

សង្គម​និង​សេដ្ឋកិច្ច

នៅទីក្រុងសិនជិន ប្រទេសចិន កាលពីថ្ងៃអាទិត្យ កម្ពុជាចូលរួមបើកវេទិកាកិច្ចសហប្រតិបត្តិការចិន-កម្ពុជា ឆ្នាំ២០២៣ ជាវេទិកាដែលប្រារព្វឡើងដើម្បីបង្កើនបណ្ដាញទំនាក់ទំនងជាមួយវិនិយោគិនចិន-កម្ពុជា លើវិស័យដឹកជញ្ជូននិងភស្ដុភារកម្ម ក្រោមការរៀបចំរបស់សម្ព័ន្ធភស្ដុភារកម្មសកលដែលជាសម្ព័ន្ធមានបណ្តាញក្រុមហ៊ុនដឹកជញ្ជូនច្រើនជាង ៥០០០ មកពីជាង ១៧០ប្រទេស តភ្ជាប់កំពង់ផែធំៗជុំវិញពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងសុន្ទរកថាបើកវេទិកានេះ ដោយជម្រាបជូនអំពីយុទ្ធសាស្រ្តទាក់ទាញ វិនិយោគិនរបស់កម្ពុជា តាមរយៈការបង្ហាញអំពីសន្តិភាព ស្ថិរភាពនយោបាយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ចប្រមាណ ៧%ជាប់គ្នា ក្នុងរយៈពេល២០ឆ្នាំមុនស្ថានភាពជំងឺកូវីដ១៩។ លោកថា កម្ពុជាមានធនធានមនុស្សដែលមានវ័យក្រោម២៥ឆ្នាំ រហូតដល់ ៦០% ដែលសុទ្ធសឹងជាធនធានដ៏សំខាន់សម្រាប់កិច្ចការងារវិនិយោគរបស់ក្រុមហ៊ុនបណ្ដាក់ទុននៅកម្ពុជា។

លោកបានគូសបញ្ជាក់ផងដែរអំពីកត្តា៣ ដែលកំណត់ភាពជោគជ័យក្នុងការវិនិយោគ រួមមាន ១). ទីតាំង ២). ធនធានមនុស្ស និង ៣). ទុនវិនិយោគ។ ដើម្បីឱ្យការវិនិយោគមួយជោគជ័យ កម្ពុជាបានត្រៀមរួចជាស្រេចនូវទីតាំង និងធនធានមនុស្សសម្រាប់បំពេញតម្រូវការរបស់ក្រុមហ៊ុន និងរង់ចាំតែការសម្រេចចិត្តរបស់វិនិយោគិន ក្នុងការមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជា។ ក្នុងនោះ ច្បាប់ក៏ជាកត្តាសំខាន់មួយក្នុងកិច្ចការងារវិនិយោគផងដែរ។ កាលពីឆ្នាំ២០២១កន្លងទៅ កម្ពុជាបានដាក់ចេញនូវច្បាប់វិនិយោគថ្មី ដែលនឹងកាន់តែផ្ដល់ភាពងាយស្រួលក្នុងការវិនិយោគ ស្របតាមជំហរបើកចំហរទីផ្សារសេរីរបស់កម្ពុជា។

លោកថ្លែងថា ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗសុទ្ធសឹងតែជាគំនិតផ្ដួចផ្ដើមរបស់រាជរដ្ឋាភិបាលកម្ពុជា ទាំងក្នុងអណត្តិសម្តេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដើម្បីសម្រួលលើការធ្វើដំណើររបស់ប្រជាពលរដ្ឋ និងការដឹកជញ្ជូនរបស់វិនិយោគិនផងដែរ។ តាមរយៈការអភិវឌ្ឍមិនឈប់ឈររបស់រាជរដ្ឋាភិបាល បានធ្វើឱ្យសូចនាករសង្ឃឹមរស់របស់ប្រជាពលរដ្ឋកម្ពុជា កើនឡើងគួរឱ្យកត់សម្គាល់ចាប់ពីឆ្នាំ១៩៩៨មក។

ជាមួយគ្នានេះ ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានជម្រាបជូនពីផែនការយុទ្ធសាស្រ្តថ្មីៗរបស់កម្ពុជារួមមាន ផែនការមេគ្រប់ជ្រុងជ្រោយស្តីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្ម ដែលមាន១៧៤គម្រោង ជាមួយតម្លៃសរុបប្រមាណ ៥០ពាន់លានដុល្លារអាមេរិចក្នុងផែនការ។ ក្រៅពីផែនការយុទ្ធសាស្រ្តនៅក្នុងប្រទេសលោកឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបអំពីផែនការសហប្រតិបត្តិការជាមួយប្រទេសជាដៃគូដទៃទៀតរួមមាន៖ កិច្ចការងារសម្របសម្រួលអន្តរដ្ឋាភិបាលរវាងកម្ពុជា-ចិន ដែលមានលោកផ្ទាល់ និងលោក វ៉ាង យី ជាសហប្រធាន ដើម្បីអនុវត្តផែនការកិច្ចសហប្រតិបត្តិការភាពជាដៃគូគ្រប់ជ្រុងជ្រោយ។ និងបន្ថែមពីនេះ ផែនការសកម្មភាពនៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម នយោបាយ វប្បធម៌ រវាងប្រទេសទាំងពីរ ក៏ត្រូវបានជម្រាបជូនផងដែរ។

បន្ថែមទៀតនោះ លោកឧបនាយករដ្ឋមន្ត្រី បង្ហាញនូវភាពរីករាយចំពោះកម្មវិធីខ្សែក្រវ៉ាត់ និងផ្លូវរបស់រដ្ឋាភិបាលចិន ដែលបានរួមចំណែកយ៉ាងសកម្មជម្រុញភាពរីកចម្រើន និងចូលរួមកាត់បន្ថយភាពក្រីក្រនៅកម្ពុជា៕