CMA៖ បទអត្ថាធិប្បាយរបស់អ្នកនាង កន្និដ្ឋា អំពាវនាវឱ្យប្រជាពលរដ្ឋគេចវេសមិនបំពេញកាតព្វកិច្ចសងប្រាក់មកកាន់គ្រឹះស្ថាន ដែលជាការរំលោភច្បាប់

សង្គម​និង​សេដ្ឋកិច្ច

សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានចេញមកសម្តែងការសោកស្តាយ និងស្នើកែតម្រូវ វីដេអូអត្ថាធិប្បាយ «វិបត្តិបំណុលនៅកម្ពុជា» របស់អ្នកនាង កន្និដ្ឋា តាមទំព័របណ្តាញសង្គម The Kanitha Show ចេញផ្សាយថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសេចក្តីថ្លែងការណ៍ចេញផ្សាយនៅថ្ងៃទី២៨ ខែតុលានេះ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានអះអាងថា បទអត្ថាធិប្បាយនេះ បានចោទប្រកាន់ដោយខ្វះមូលដ្ឋានចំណេះដឹងពីវិស័យមីក្រូហិរញ្ញវត្ថុកម្ពុជា និងប្រើប្រាស់តែទិន្នន័យតែពីអង្គការដែលគ្មានជំនាញវិជ្ជាជីវៈផ្នែកធនាគារនិងហិរញ្ញវត្ថុ ដោយមិនបានប្រើប្រាស់ទិន្នន័យពីប្រភពត្រឹមត្រូវដូចជាធនាគារជាតិនៃកម្ពុជា ឬសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាតំណាងស្របច្បាប់នៃវិស័យនេះ។

សមាគម CMA បន្តថា បទអត្ថាធិប្បាយនេះទៀតសោត ថែមទាំងបានអំពាវនាវឱ្យប្រជាពលរដ្ឋគេចវេសមិនបំពេញកាតព្វកិច្ចសងប្រាក់មកកាន់គ្រឹះស្ថាន ដែលជាការរំលោភច្បាប់នៃព្រះរាជាណាចក្រកម្ពុជា។

សមាគមយល់ឃើញថា បទអត្ថាធិប្បាយខាងលើ មិនបានជួយដល់ប្រជាពលរដ្ឋខ្មែរ ហើយថែមទាំងបង្កចលាចលសង្គម ដោយធ្វើឱ្យប្រជាជនយល់ច្រលំ បង្កើតហានិភ័យផ្នែកច្បាប់ដល់ប្រជាជន។ បទអត្ថាធិប្បាយនេះ ក៏នឹងធ្វើឱ្យបាត់បង់ទំនុកចិត្តលើគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ ព្រមទាំងជំរុញឱ្យពលរដ្ឋងាកទៅប្រើប្រាស់កម្ចីក្រៅផ្លូវការ ដែលមានអត្រាការប្រាក់ខ្ពស់ហួសហេតុ និងគ្មានយន្តការការពារអតិថិជនឡើយ។ សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សូមស្វាគមន៍ និងរីករាយក្នុងការផ្តល់ទិន្នន័យអំពីវិស័យមីក្រូហិរញ្ញវត្ថុ ជាពិសេសចំណេះដឹងហិរញ្ញវត្ថុ ជូនដល់កម្មវិធី The Kanitha Show ដើម្បីកម្មវិធីអាចបង្កើតមាតិកាចំណេះដឹងល្អជូនប្រជាជនកម្ពុជា។

ទន្ទឹមនឹងនេះ សមាគមមីក្រូហិរញ្ញវត្ថុ បានបញ្ជាក់ថា សមាគមបានព្យាយាមទំនាក់ទំនងទៅកាន់កម្មវិធី The Kanitha Show តាមរយៈលេខទូរសព្ទ័ សារអេទ្បិចត្រូនិច សារចូលក្នុងផេករបស់កម្មវិធី ដើម្បីផ្តល់ព័ត៌មាន និងទិន្នន័យបន្ថែម ប៉ុន្តែមិនមានការឆ្លើយតប។ ការមិនឆ្លើយតបនេះបង្ហាញពីភាពមិនខ្វល់ ក្នុងការស្វែងរកព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយនិងអត្មានិយម ប្រើប្រាស់បណ្តាញសង្គមទាញយកផលប្រយោជន៍ផ្ទាល់ខ្លួន គ្មានឆន្ទៈក្នុងការជួយប្រជាជនកម្ពុជាពិតប្រាកដ៕