World Bank៖ ចំណាត់ការលើបម្រែបម្រួលអាកាសធាតុ ជាគន្លឹះសម្រាប់កម្ពុជាឈានទៅសម្រេចគោលដៅអភិវឌ្ឍន៍

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាអាចសម្រេចចក្ខុវិស័យអភិវឌ្ឍន៍របស់ខ្លួនបាន ប្រសិនបើប្រទេសនេះធ្វើចំណាត់ការលើបម្រែបម្រួលអាកាសធាតុតាមរយៈសកម្មភាពធំៗ៣៖ ១)- កាត់បន្ថយ(Reduce)ឱ្យបានច្រើននូវភាពងាយរងគ្រោះដោយសារបម្រែបម្រួលអាកាសធាតុ, ២)-សម្របឡើងវិញ (Realign) នូវគន្លងបំភាយកាបូននៅក្នុងការអភិវឌ្ឍ និង ៣)-តម្រង់ទិសឡើងវិញ (Reorient)សម្រាប់សេដ្ឋកិច្ច ដើម្បីក្រសោបយកឱកាសថ្មីៗពីការធ្វើអន្តរកាលទៅរកការអភិវឌ្ឍបៃតងលើសកលលោក។ នេះបើយោងតាមរបាយការណ៍ស្តីពីស្ថានភាពអាកាសធាតុនិងការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ដែលចេញផ្សាយដោយធនាគារពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍នេះលើកឡើងថា កម្ពុជាកំពុងរងផលប៉ះពាល់ខ្លំាងពីបម្រែបម្រួលអាកាសធាតុរួចទៅហើយ ដែលមានន័យថាប្រទេសនេះចំាបាច់ត្រូវធ្វើការបន្សុំាខ្លួនជាបន្ទាប់ទៅនិងផលប៉ះពាល់ទំាងនោះ។ ការកើនឡើងភាពប្រែប្រួលនៃទឹកភ្លៀងកំពុងបណ្តាលឱ្យមានភាពរំាងស្ងួតនិងទឹកជំនន់ញឹកញាប់ និងខ្លំាងជាងមុន។ គ្រោះរាំងស្ងួតធ្ងន់ធ្ងរដែលបានកើតឡើងនៅឆ្នំា២០១៥ និង២០១៦ បានប៉ះពាល់ដល់១៨ខេត្តក្នុងចំណោម២៥ ខេត្ត រាជធានី និងប៉ះពាល់ដល់មនុស្សជាង២,៥លាននាក់។ ផលស្រូវបានបាត់បង់ប្រមាណ១០០លានដុល្លារអាមេរិកដោយសារគ្រោះរាំងស្ងួតដែលបណ្តាលមកពីបាតុភូត El Nino នាឆ្នំា២០១៩។ នៅខែកញ្ញាឆ្នំា២០២២ដែលមានភ្លៀងធ្លាក់ខ្លំាងបំផុតនារយៈពេល៣ឆ្នំានេះបានបង្កគ្រោះទឹកជំនន់ធ្ងន់ធ្ងរក្នុងខេត្តចំនួន១៤ ដោយប៉ះពាល់ប្រមាណ៨៥ម៉ឺនគ្រួសារនិងមានការបាក់ដីដែលនាំឱ្យមានការជំលៀសប្រជាជន៥០០០គ្រួសារ។

របាយការណ៍នេះ និយាយទៀតថា យោងតាមការព្យាករណ៍អាកាសធាតុ ហានិភ័យទឹកជំនន់ និងសម្ពាធកម្តៅ នៅក្នុងប្រទេសកម្ពុជា នឹងមានសភាពកាន់តែអាក្រក់នាពេលអនាគត។ ប្រសិនបើគ្មានវិធានការបន្សុំានិងកាត់បន្ថយផលប៉ះពាល់សមស្របទេ បម្រែបម្រួលអាកាសធាតុអាចនឹងធ្វើឱ្យកម្ពុជាខាតបង់ ផ.ស.ស. អស់៩% គិតត្រឹមឆ្នំា២០៥០ និងធ្វើឱ្យអត្រាភាពក្រីក្រកើនឡើង៦%ពិន្ទុ គិតត្រឹមឆ្នំា២០៤០។ របាយការណ៍នេះគឺជាការបែបវិភាគចុងក្រោយ ក្នុងចំណោមការសិក្សាស្រាវជ្រាវស្នូលរបស់ធនាគារពិភពលោក ដែលសំយោគចូលគ្នានៅការគិតគូរអំពីបម្រែបម្រួលអាកាសធាតុ និងការអភិវឌ្ឍ ហើយផ្តល់អនុសាសន៍ដល់រដ្ឋាភិបាលដែលជាអតិថិជនរបស់ខ្លួន សម្រាប់យកទៅអនុវត្តដើម្បីលុបបំបាត់ភាពក្រីក្រនៅលើពិភពផែនដី ។

លោកស្រី ម៉ានូអែលឡា វ. ហ្វេររ៉ូ អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក មានប្រសាសន៍ថា កម្ពុជាជាប្រទេសដែលប្រឈមខ្លំងទៅនឹងផលប៉ះពាល់នៃអាកាសធាតុ ជាពិសេសតាមរយៈការកើនឡើងជាញឹកញាប់និងធ្ងន់ធ្ងរនៃគ្រោះទឹកជំនន់។ ដើម្បីស្តារឡើងវិញដែលបានបាត់បង់ដោយសារជំងឺឆ្លងរាតត្បាតនិងការកើនឡើងតម្លៃចំណីអាហារនិងប្រេងឥន្ទនៈ កម្ពុជាត្រូវរក្សាកំណើនខ្ពស់ ស្របពេលដែលត្រូវដោះស្រាយផលប៉ះពាល់ដែលបង្ករឡើងដោយការប្រែប្រួលអាកាសធាតុលើសេដ្ឋកិច្ច និងកាត់បន្ថយការបំភាយកាបូន”។

លោកស្រី ម៉ារីយ៉ាម ស្ហឺរមែន តំណាងធនាគារពិភពលោកប្រចំាប្រទេស មីយ៉ាន់ម៉ា កម្ពុជា និងឡាវ មានប្រសាសន៍ថា “ សម្រាប់កម្ពុជា ការបន្តរក្សាឱ្យបាននូវកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព និងការឆ្លើយតបទៅនឹងតម្រូវការនៃបម្រែបម្រួលអាកាសធាតុ គឺជាបញ្ហាប្រឈមដែលប្រទាក់ក្រឡាគ្នា។ នៅក្នុងន័យនេះ ការបង្កើនសមត្ថភាពប្រកួតប្រជែងសេដ្ឋកិច្ច ការកសាងមូលធនមនុស្ស និងការវិនិយោគទៅលើការភាពធន់និងអាកាសធាតុ នឹងនាំអត្ថប្រយោជន៍ដល់ប្រជាជនកម្ពុជាទំាងអស់គ្នា”៕ អត្ថបទ៖​ សារេត