លទ្ធផលសំណើដោះស្រាយបញ្ហាប្រឈមក្នុងវិស័យអចលនទ្រព្យ នឹងប្រកាសនៅថ្ងៃ១៣វិច្ឆិកា

សង្គម​និង​សេដ្ឋកិច្ច

នៅថ្ងៃទី១៣ ខែវិច្ឆិកាខាងមុខ ប្រមុខរាជរដ្ឋាភិបាលនឹងប្រកាសនូវគោលនយោបាយពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យ ខណៈដែលវិស័យនេះបច្ចុប្បន្នកំពុងជួបបញ្ហាប្រឈមជាច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិតប្រមាណជិត ២ម៉ឺននាក់ នៅតាមបណ្តារោងចក្រ សហគសហគ្រាស ក្នុងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី មានប្រសាសន៍ថា សម្ដេចបានពិភាក្សាជាមួយរដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ចំពោះសំណើរបស់សមាគមអចលនទ្រព្យពាក់ព័ន្ធនឹងចំណុចមួយចំនួន។ សម្តេចបញ្ជាក់ថា តាមពិតមានគោលនយោបាយមួយ ដែលយើងចំហ តែអត់សូវមានអ្នកប្រើ ប្រហែលជាអត់ទាន់សូវដឹង ចឹងយើងនឹងផ្សព្វផ្សាយឲ្យប្រើ ព្រោះដើម្បីផលប្រយោជន៍ទាំងអស់។

សូមជម្រាបថា ដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យសំណង់ និងអចលនទ្រព្យ សមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំកិច្ចប្រជុំបន្ទាន់ នាថ្ងៃទី២៣ ខែតុលាកន្លងទៅ ក្រោមវត្តមានឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគម។

បើតាមសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា កិច្ចប្រជុំនេះបានពិភាក្សាលើខ្លឹមសារប្រធានបទសំខាន់ៗចំនួន ៣ ទី១.ពិភាក្សាលើស្ថានភាពវិស័យសំណង់រួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមបច្ចុប្បន្ន។ ២.ពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យសំណង់នៅកម្ពុជា។ និងទី៣.ពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និងដីនៅក្នុងគម្រោងបុរី។

ក្នុងកិច្ចប្រជុំបន្ទាន់នោះ ឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានលើកបន្ថែមថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀតដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាល ក្នុងការជួយគាំទ្រដល់វិស័យសំណង់៕