កម្ពុជា- សិង្ហបុរី ចុះកិច្ចព្រមព្រៀង ដើម្បីចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ បានប្រកាសឱ្យដឹងថា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋសិង្ហបុរី បានហត្ថលេខាលើ “ពិធីសារទី ២” ដើម្បីធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងស្តី ពី “ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធ លើប្រាក់ចំណូល (Double Taxation Agreement-DTA)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបន្តថា ពិធីចុះហត្ថលេខាលើ “ពិធីសារទី ២” ដើម្បីធ្វើវិសោធនកម្មលើ កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរី ត្រូវបានធ្វើឡើងកាលថ្ងៃទី ២ ខែ វិច្ឆិកា ឆ្នាំ ២០២៣, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

“ពិធីសារទី ២ នេះ ត្រូវបានចុះហត្ថលេខាដោយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា និងលោកស្រី Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋសិង្ហបុរីប្រចាំព្រះរាជាណាចក្រកម្ពុជា ក្នុងនាម រដ្ឋាភិបាលសិង្ហបុរី ។

ក្រសួងបានឱ្យដឹងថា គោលបំណងនៃការរៀបចំឱ្យមាន “ពិធីសារទី ២” នេះ គឺដើម្បីធ្វើវិសោធនកម្មទៅលើកិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី ឱ្យមានស្ថិរភាពជាមួយបទដ្ឋានអន្តរជាតិ ដែលត្រូវបានវិវត្តចុងក្រោយ ជាពិសេសនៅក្រោម ក្របខ័ណ្ឌបរិយាប័ន្នរបស់អង្គការសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) សម្រាប់ប្រឈមនឹងការបន្ថយ មូលដ្ឋានគិតពន្ធ និងការបង្វែរប្រាក់ចំណេញ (Base Erosion and Profit Shifting-BEPS) ។

គួរបញ្ចាក់ផងដែរថា “កិច្ចព្រមព្រៀង DTA កម្ពុជា-សិង្ហបុរី” ត្រូវបានចុះហត្ថលេខានៅថ្ងៃទី ២០ ខែ មេសា ឆ្នាំ ២០១៦ ហើយបានចូលជាធរមាន និងមានប្រសិទ្ធភាពអនុវត្តចាប់តាំងពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០១៨ ៕

អត្ថបទ៖ រង្សី