ជប៉ុន ផ្តល់ជំនួយជិត៣៥ម៉ឺនដុល្លារ ជួយសាងសង់អគារសិក្សា និងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាជិត៣៥ម៉ឺនដុល្លារ ( ៣៤៨,៩១៩ដុល្លារ) ដើម្បីជួយដល់ការសាងសង់អគារសិក្សានៅសាលាបឋមសិក្សា និងការដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនៅជនបទកម្ពុជា​ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងខេត្តមណ្ឌលគិរី។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ ត្រូវបានប្រគល់ដល់ស្ថាប័នទទួលជំនួយចំនួន៣ ក្រោមគ្រោងការណ៍ជំនួយឥតសំណង សម្រាប់គម្រោងទ្រង់ទ្រាយតូច សន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កម្មវិធីនេះ បានធ្វើឡើងនៅស្ថានទូតជប៉ុន ក្រោមអធិបតីភាពលោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរដ្ឋទូតជប៉ុន ប្រចាំកម្ពុជា និងតំណាងមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ, ខេត្តកំពង់ធំ និងរដ្ឋាករទឹកមណ្ឌលគិរី កាលរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងរួមមាន៖១៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាស្រែកិន ក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ (ថវិកាចំនួន៩២,៤២៥ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយមន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ស្ពឺ។ ២៖ គម្រោងសាងសង់អគារសិក្សានៅសាលាបឋមសិក្សាឬស្សី ដូចក្នុងស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ (ថវិកាចំនួន ១០០,៣៤៤ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរអប់រំ យុវជន និងកីឡាខេត្តកំពង់ធំ។

និងទី៣៖ គម្រោងដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី (ថវិកាចំនួន ១៥៦,១៥០ដុល្លារអាមេរិក) សា្ថប័នទទួលជំនួយរដ្ឋាករទឹកមណ្ឌលគិរី។ ក្នុងគម្រោងនេះ ប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតនឹងត្រូវបានសាងសង់ ហើយបណ្តាញចែកចាយទឹកស្អាតប្រមាណ ២៦គីឡូម៉ែត្រនឹងត្រូវបានដំឡើងនៅក្នុងក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។ តាមរយៈគម្រោងនេះ ប្រជាជនប្រមាណ ២,៥០០នាក់នឹងទទួលបានទឹកស្អាតដែលមានតម្លៃសមរម្យ និងអនាម័យគ្រប់គ្រាន់ដែលនឹងរួមចំណែកដល់ការកែលម្អកម្រិតជីវភាពរស់នៅរបស់ពួកគេ។

គួរបញ្ជាក់ដែរថា ជំនួយឥតសំណងគូសាណូណិរបស់ជប៉ុន បានចាប់ផ្ដើមនៅប្រទេសកម្ពុជា ក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញនៅកម្រិតមូលដ្ឋាន។

ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា៖ ភាពក្រីក្រ និង/ឬ ភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្ដីថ្លៃថ្នូររបស់ពួកគេក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នាំ១៩៩១ រដ្ឋាភិបាលជប៉ុន បានផ្ដល់ថវិកាជាង៦៨លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៨១គម្រោងនៅទូទាំងប្រទេសកម្ពុជា៕