១០ខែនេះ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅប្រទេសវៀតណាមបានជាង៦សែនតោន គិតជាទឹកប្រាក់ប្រមាណ៨៣១លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរយៈពេល១០ខែមកនេះ ពោលចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ២០២៣ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីឆៅទៅកាន់ប្រទេសវៀតណាម បានជាង៦សែនតោន បើគិតជាទឹកប្រាក់ប្រមាណ ៨៣១លានដុល្លារអាមេរិក។នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍សមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា រយៈពេល១០ខែ ឆ្នាំ២០២៣នេះ កម្ពុជាផលិតគ្រាប់ស្វាយចន្ទីឆៅបាន ៦៥១.០០០តោន ក្នុងនោះបាននាំចេញទៅកាន់ប្រទេសវៀតណាមសរុប ៦១៥.០០០តោន ស្មើទឹកប្រាក់ប្រមាណ ៨៣១លានដុល្លារ ថយចុះ ១៦,៧% បើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ២០២២។

សមាគមស្វាយចន្ទី បន្តថា តម្លៃមធ្យមគ្រាប់ស្ងួត ១.៦៥៨ដុល្លារ ក្នុងមួយតោន។ដោយក្នុងខែតុលា គ្រាប់ស្ងួតមានតម្លៃ ៧០០០រៀល ទៅ៧៥០០រៀល ក្នុងមួយគីឡូក្រាម ឬ១៩០០ដុល្លារ ក្នុងមួយតោន។

បើតាមលោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ការធ្លាក់ចុះនៃទិន្នផលគ្រាប់ស្វាយចន្ទីនេះ មិនមានបញ្ហាអ្វីដែលចម្លែកនោះទេ ព្រោះខាងសមាគមធ្វើការវាយតម្លៃរួចហើយកាលពីខែកុម្ភៈ ឆ្នាំ២០២៣ ថាតម្លៃគ្រាប់ស្វាយចន្ទីនឹងធ្លាក់ចុះ ដោយកត្តារួមផ្សំមួយចំនួនគឺបាត់បង់ដើមឈើមួយចំនួនធំ ក្នុងរយៈពេល៣ឆ្នាំចុះក្រោយនេះ ដោយសារតែការប្រែប្រួលអាកាសធាតុ។ដូច្នេះហើយ ការបាត់បង់ដើមស្វាយចន្ទី ក៏ធ្វើឱ្យមានការបាត់បង់ទិន្នផលស្វាយចន្ទីដែ។

លើសពីនោះ ក៏មានការប្រជែងទិញពីសហគ្រាសក្នុងស្រុក ដោយសារតែការគោលនយោបាយជាតិស្តីពីស្វាយចន្ទី រដ្ឋាភិបាលបានលើកទឹកចិត្តឱ្យមានការផ្តល់ជាហិរញ្ញប្បទានអនុគ្រោះនានា​។ ដូចនេះ សហគ្រាសក្នុងស្រុកមួយចំនួនគាត់ក៏បានទទួលហិរញ្ញប្បទានពីធនាគារដែលមានអត្រាការប្រាក់អនុគ្រោះ ហើយក្នុងនោះគាត់ក៏បានប្រជែងទិញបន្ថែមបើទោះបីជាតិចតួចយ៉ាងណាក្តី។ដូច្នេះហើយដែលធ្វើឱ្យការនាំចេញទៅកាន់ប្រទេសវៀតណាម មានការធ្លាក់ចុះ។

លោកបន្តថា ការនាំចេញធ្លាក់ចុះនេះមិនមែនជាការបង្ហាញពីភាពអវិជ្ជមានទេ ផ្ទុយមកវិញជាការបង្ហាញពីភាពវិជ្ជមានច្រើន ដោយសារតែមានការងើបឡើងពីសហគ្រាសក្នុងស្រុក។អ្វីដែលវិជ្ជមាននោះមានន័យថាសហគ្រាសនៅក្នុងស្រុក មានការរីកដុះដាល ដោយសារតែគោលនយោបាយជាតិស្តីពីស្វាយចន្ទីរបស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើស្វាយចន្ទី ដូច្នេះហើយបានជាធនាគារមួយចំនួនធំបានផ្តល់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះទៅដល់សហគ្រាស។

លោកបន្ថែមទៀតថា ការលក់ចេញគ្រាប់ស្វាយចន្ទីឆៅក៏ល្អ យើងកែច្នៃក៏ល្អដែរ អ្វីដែលសំខាន់ឱ្យតែមានទីផ្សារ ប៉ុន្តែអ្វីដែលល្អជាងនេះ នោះគឺយើងអាចកែច្នៃក្នុងស្រុករបស់យើង ហើយយើងអាចផ្តល់តម្លៃបន្ថែមដល់កសិករ និងជួយបង្កើតការងារដល់ពលករនៅក្នុងសហគមន៍។

បើតាមលោក អួន ស៊ីឡុត ការកែច្នៃក្នុងស្រុកជារឿងល្អ ជាជាងការនាំគ្រាប់ឆៅទៅក្រៅប្រទេស។

យោងតាមទិន្នន័យរបស់សមាគមស្វាយចន្ទីកម្ពុជា ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយ ចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ សព្វថ្ងៃ កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណតែ ៧០ម៉ឺនហិកតាប៉ុណ្ណោះ ធៀបនឹងឆ្នាំ ២០២១ មានប្រមាណ៨០ម៉ឺនហិកតា៕