ជំនួបជាមួយ JCA សម្តេចធិបតី ហ៊ុន ម៉ាណែត ស្វាគមន៍ និងគាំទ្រការវិនិយោគថែមទៀតពីប្រទេសជប៉ុនមកកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានអនុញ្ញាតឱ្យលោក តាកាហាស៊ី ហ្វូមីអាគី (Fumiaki TAKAHASHI) ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) និងជាអតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ចូលជួបពិភាក្សាការងារនៅវិមានសន្តិភាព កាលថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនេះ លោក តាកាហាស៊ី ហ្វូមីអាគី ជម្រាបជូនសម្តេចធិបតីអំពីសមាគមជប៉ុន-កម្ពុជា បាននិងកំពុងជំរុញអ្នកវិនិយោគធុនតូច និងមធ្យមរបស់ជប៉ុន មកធ្វើការវិនិយោគនៅកម្ពុជាលើវិស័យមួយចំនួន ជាអាទិ៍៖ ការបោសសម្អាតមីន, គមនាគមន៍ និងការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈជួសជុលយានយន្ត និងគិលានុបដ្ឋាក ជាដើម។

លើសពីនេះ សមាគម JCA ក៏គ្រោងនឹងបើកការិយាល័យរបស់ខ្លួននៅកម្ពុជា សម្រាប់សម្របសម្រួលដល់ដំណើរការសហប្រតិបត្តិការរវាងធុរកិច្ចជប៉ុន និងកម្ពុជា នាពេលឆាប់ៗខាងមុខនេះ ។

ជាការឆ្លើយតប សម្តេចធិបតី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងជួយគាំទ្រដល់ការអភិវឌ្ឍផ្នែកសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ទាំងក្នុងដំណាក់កាលនៃការស្វែងរកសន្តិភាព និងការជំរុញការវិនិយោគ។ ក្នុងន័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានសម្តែងនូវភាពរីករាយស្វាគមន៍ និងគាំទ្រចំពោះការវិនិយោគបន្ថែមទៀតពីប្រទេសជប៉ុនមកកាន់កម្ពុជា។

ក្នុងជំនួបនេះដែរ សម្តេចធិបតីក៏បានជម្រាបជូនគណៈប្រតិភូសមាគមអំពីភាពទាក់ទាញនៃច្បាប់វិនិយោគថ្មី និងគោលនយោបាយលើកទឹកចិត្តសម្រាប់វិនិយោគិន និងធុរជន ដែលធានាបាននូវភាពប្រាកដនិយមចំពោះបរិយាកាសវិនិយោគប្រកបដោយភាពអនុគ្រោះនៅកម្ពុជា។

សូមជម្រាបបន្តិចថា គិតត្រឹមខែមករា ឆ្នាំ២០២៣ ការវិនិយោគរបស់វិនិយោគិនជប៉ុននៅកម្ពុជាមានចំនួន ១៥០គម្រោង ដែលគិតជាទឹកប្រាក់ជាង ២ពាន់ ៩រយលានដុល្លារអាមេរិក។ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បញ្ជាក់ថា ប្រភពទុនខាងលើ ត្រូវបានប្រើប្រាស់ទៅក្នុងគម្រោងវិនិយោគផ្សារទំនើប, គម្រោងបង្កើតរោងចក្រផ្គុំ និងដំឡើងរថយន្ត, រោងចក្រផលិតម៉ូទ័រខ្នាតតូច, ឧបករណ៍អគ្គិសនី និងគម្រោងសាងសង់ និងអាជីវកម្មមន្ទីរពេទ្យ ជាដើម៕