លោក ស៊ុយ សែម អះអាងថា ទោះបីកូវីដ១៩ និងសង្រ្គាមអ៊ុយក្រែន-រុស្សុី កម្ពុជាមិនបានឡើងថ្លៃ ឬបញ្ចុះតម្លៃអគិ្គសនីទេ ដោយស្នើសុំរដ្ឋាភិបាលឱ្យនៅតម្លៃដដែល

សង្គម​និង​សេដ្ឋកិច្ច

រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងថា បើទោះវិបត្តិជំងឺកូវីដ១៩ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីនេះ ធ្វើឱ្យវិស័យថាមពលមានការខ្វះខាតដោយសារប្រេងឡើងថ្លែ ធ្យូងថ្មឡើងថ្លៃ ការណ៍នេះហើយបានធ្វើឱ្យអគ្គិសនីដើរដោយធ្យូងថ្ម និងប្រេងក៏កំពុងតែឡើងថ្លៃ ប៉ុន្តែសម្រាប់កម្ពុជា គឺមិនបានឡើងថ្លៃ ឬក៏បញ្ចុះតម្លៃទេ ដោយស្នើ សុំរាជរដ្ឋាភិបាលឱ្យនៅតម្លៃដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល អះអាងបែបនេះធ្វើឡើងនៅក្នុងពិធីប្រកាស លោក ឡេង លាត ជាប្រធានមន្ទីររ៉ែ និងថាមពល ខេត្តសៀមរាប នៅព្រឹកថ្ងៃទី១៧ ខែឧសភានេះ។

លោក ស៊ុយ សែម ថ្លែងថា ពីវិបត្តិជំងឺកូវីដ១៩ និងសង្គ្រាមអ៊ុយក្រែន-រុស្ស៊ីនេះ ដែលធ្វើឱ្យវិស័យថាមពលមានការខ្វះខាតដោយសារប្រេងឡើងថ្លែ ធ្យូងថ្មឡើងថ្លៃ ដូចនេះ ហើយបានធ្វើឱ្យអគ្គិសនីដើរដោយធ្យូងថ្ម និងប្រេងក៏កំពុងតែឡើងថ្លៃ។ ​ប៉ុន្តែសម្រាប់នៅប្រទេសកម្ពុជា គឺមិនបានឡើងថ្លៃ ឬក៏បញ្ចុះតម្លៃទេ ដោយស្នើ សុំរាជរដ្ឋាភិបាលឱ្យនៅតម្លៃដដែល ដោយសារប្រភពអគ្គិសនីដែលកំពុងផ្គត់ផ្គង់នៅក្នុង ប្រទេសកម្ពុជាភាគច្រើន ជាប្រភពដែលប្រើវារីអគ្គិសនី ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា យើងមានវារីអគ្គិសនីចំនួន៧កន្លែងកំពុងតែដំណើរការទាំងអស់ ហើយសម្រាប់ប្រភព ដែលទិញមកពីក្រៅក៏ជាភាគច្រើនប្រើវារីអគ្គិសនីដែរ។ ​

លោកថា បច្ចុប្បន្ននេះ ការអភិវឌ្ឍវិស័យអគ្គិសនីកម្ពុជា មានការរីកចម្រើនគួរឱ្យកត់សម្គាល់ ដោយភូមិនៅទូទាំងប្រទេស យើងបានអូសខ្សែបណ្តាញអគ្គិសនី សម្រេចបានទៅដល់៩៨ភាគរយហើយ។ នៅសល់២ភាគរយ ហើយ២ភាគរយនេះមិនមែន យើងមិនបានធ្វើនោះទេ តែគឺជាភូមិដែលនៅដាច់ស្រយាល នៅក្នុងព្រៃអត់ទាន់មានផ្លូវចូល នៅលើកោះជាដើម។ ប៉ុន្តែ រដ្ឋាភិបាលក៏បានរកវិធីសាស្រ្តដើម្បីឱ្យពួកគាត់បានភ្លើងប្រើប្រាស់ ដែរ ដូចជាការរៀបចំដំឡើងផ្ទាំងប្រើពន្លឺព្រះអាទិត្យជាដើម។ ​

លោកបន្ថែមថា សម្រាប់ភូមិទាំងអស់នៅទូទាំងប្រទេសដែលមានបណ្តាញ អគ្គិសនីទៅដល់ គឺមានផ្ទះប្រជាពលរដ្ឋចំនួនជាង២លានផ្ទះបានភ្ជាប់ភ្លើងប្រើប្រាស់ស្មើ៨៤ ភាគរយ។ ​គោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជា សម្រាប់វិស័យថាមពល គឺធ្វើយ៉ាងណា រកប្រភពថាមពលផ្គត់ផ្គង់ឱ្យបានគ្រប់គ្រាន់មានស្ថេរភាព មានចីរភាព និងថ្លៃសមរម្យ។ ​

ថ្លែងក្នុងពិធីប្រកាសតែងតាំងប្រធានមន្ទីរថ្មីនេះ លោក ស៊ុយ សែម ក៏បានជំរុញឱ្យប្រធានមន្ទីរដែលទើបតែងតាំងថ្មីត្រូវទប់ស្កាត់ និងលុបបំបាត់អាជីវកម្មធនធានរ៉ែ​ឱ្យខានតែបាន ចំពោះអាជីវកម្មដ្ឋានណាដែលគ្មាន អាជ្ញាប័ណ្ណ។ ត្រូវបន្តសហការជាមួយក្រុមការងារចម្រុះ ដែលដឹកនាំដោយរដ្ឋបាលខេត្ត ក្នុងការងារ​ចុះត្រួតពិនិត្យ​ស្ថានីយប្រេ​ង​ឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និង​ស្ថានីយរួមប្រេង និង ឧស្ម័នឥន្ធនៈ នៅក្នុងភូមិសាស្ត្រខេត្តសៀមរាប។ ​ត្រូវផ្តល់សេវាសាធារណៈ​​ឱ្យ​មាន​គុណភាព ប្រសិទ្ធភាព អាចជឿទុកចិត្តបាន​ហើ​យ​​អាចឆ្លើយ​តប​បាន​ទា​ន់​​ពេល​វេលា​ទៅ​នឹងតម្រូវ​ការ របស់ប្រជាពលរដ្ឋ៕