សម្តេចធិបតី ហ៊ុន ម៉ាណែត ប្តេជ្ញាជំរុញការសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាប្រភេទប្រព័ន្ធផ្លូវហាយវ៉េ

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅ អាណត្តិទី៧ នេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច ខណៈសម្តេចក៏បានប្រកាសពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាប្រភេទប្រព័ន្ធផ្លូវហាយវ៉េ (Highway) ឱ្យកាន់តែច្រើនបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​កម្ពុជា​ បែបនេះ នាឱកាសអញ្ជើញជាអធិបតី​ សម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការ ​“កំណាត់ផ្លូវជាតិលេខ៥​ ចាប់ពីព្រែកក្តាម ទៅដល់បាត់ដំបង ប្រវែងសរុប ២៤៦,១៥គីឡូម៉ែត្រ​ និងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៥ ចាប់ពីសិរីសោភ័ណ្ឌ ទៅដល់ប៉ោយប៉ែត ប្រវែងសរុប ៣៥,១៤គីឡូម៉ែត្រ” ខេត្តកំពង់ឆ្នាំង កាលទី២២ វិច្ឆិកា ២០២៣​។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែ បញ្ជាក់ថា ផែនការយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលនៅ អាណត្តិទី៧ នេះ គឺដើម្បីជំរុញកំណើនសេដ្ឋកិច្ច, បង្កើតការងារប្រកបដោយគុណភាព សុខុមាលភាព ឱ្យបានកាន់តែច្រើនដល់ពលរដ្ឋ, ផលដែលទទួលបានទាំងអស់ ត្រូវចែករំលែកទៅគ្រប់ទីកន្លែង, បង្កើនប្រសិទ្ធភាពការងារបម្រើសេវាសាធារណៈឱ្យកាន់តែល្អជូនពលរដ្ឋ, បន្តនិរន្តរភាព និងចីរភាព ជាដើម។

ទន្ទឹមគ្នានេះ សម្តេចធិបតីបន្តថា៖« រាជរដ្ឋាភិបាលនៅ អាណត្តិទី៧ នេះ នឹងបន្តគាំទ្រការវិនិយោគគម្រោងធំៗ និងខិតខំគៀរគរប្រមូលធនធានឱ្យបានច្រើន ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធធំបន្ថែមទៀត ក្នុងនោះ មានការការប្តេជ្ញាជំរុញការសង់ហេដ្ឋារចនាសម្ព័ន្ធនៅកម្ពុជា ជាប្រភេទប្រព័ន្ធផ្លូវហាយវ៉េឱ្យបានកាន់តែច្រើន ហើយការកសាងផ្លូវដែក, ផ្លូវរថភ្លើងល្បឿនលឿន, ផ្លូវល្បឿនលឿន,ផ្លូវអាកាស, និងកំពង់ផែទឹកជ្រៅ ដើម្បីបម្រើផលប្រយោជន៍របស់ប្រជាពលរដ្ឋឱ្យកាន់ប្រសើរឡើងថែមទៀត»។

យ៉ាងណាមិញ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ក៏បានចាត់ទុកថា កំណាត់ផ្លូវជាតិលេខ៥​ ដែលជាប្រភេទផ្លូវហាយវ៉េ ហើយបានសម្ពោធដាក់ឱ្យប្រើប្រាស់ពេលនេះ នឹងក្លាយជាសរសៃឈាម និងដង្ហើមសេដ្ឋកិច្ចដ៏សំខាន់ ក្នុងការជំរុញការពាណិជ្ជកម្ម និងការវិនិយោគលើគ្រប់វិស័យឱ្យកាន់តែមានសន្ទុះខ្លាំងឡើងថែមទៀត៕ អត្ថបទ៖ រង្សី