ក្រោយកាន់តំណែងនាយករដ្ឋមន្រ្តី ៩០ថ្ងៃ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះជួបកម្មករនិយោជិតជាង១៧ម៉ឺននាក់

សង្គម​និង​សេដ្ឋកិច្ច

ក្រោយឡើងកាន់តំណែងជានាយរដ្ឋមន្រ្តីសម្រាប់អាណត្តិទី៧ នៅថ្ងៃទី២២ ខែសីហា រហូតដល់ពេលនេះ មានរយៈ៣ខែ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចុះជួបជាមួយកម្មករ កម្មការិនី និយោជិតនៅតាមបណ្តារោងចក្រសហគ្រាសបានចំនួន១០លើកហើយ ដែលសរុបមានប្រមាណជា ១៧២ ៣៥០នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីចុះជួបសំណេះសំណាលជាមួយកម្មករ ១៨,១០៨នាក់ មកពីរោងចក្រ សហគ្រាសចំនួន១៣ ក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ កាលព្រឹកថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា «តាំងពីគ្រប់៩០ថ្ងៃនៃរាជរដ្ឋាភិបាលថ្មីមក ថ្ងៃនេះជាលើកទី១០ហើយដែលសម្តេចធិបតីជួបជាមួយបងប្អូនកម្មករ កម្មការនីប្រមាណជិត២០ម៉ឺននាក់ នៅក្នុងរយៈពេល៣ខែមកនេះ»។ហើយសម្តេចធិបតី នឹងបន្តជួបនៅពេលក្រោយៗទៀត ដើម្បីយកចិត្តទុកដាក់ទៅលើកម្មករនិយោជិត ដោយក្នុងនោះក៏មានការដំឡើងប្រាក់បៀវត្សជារៀងរាល់ឆ្នាំផងដែរ។

សម្តេចធិបតី បានបន្តថា ក្នុងរយៈពេល ៩០ ថ្ងៃ រាប់ចាប់តាំងពីថ្ងៃចាប់ផ្តើមការងារ រាជរដ្ឋាភិបាល អាណត្តិទី៧ បានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការៀបចំអនុវត្តនូវគោលនយោបាយនានា ក្នុងការបម្រើដល់ផលប្រយោជន៍របស់ប្រជាជន និងប្រទេសជាតិ ដោយឈរលើមូលដ្ឋាន ២ គឺ ថែរក្សាសមិទ្ធផលដែលរាជរដ្ឋាភិបាលអាណតិ្តមុនៗបានកសាង និងពង្រីកបន្ថែមនូវសមិទ្ធផលវិជ្ជមានថ្មីៗ ដើម្បីបន្សល់ទុកជាច្រើនជំនាន់តទៅទៀត។

សូមបញ្ជាក់ថា ការចុះជួបជាមួយកម្មករនៅព្រឹកថ្ងៃទី២១ ខែវិច្ឆិកា គឺជាលើកទី១០ និងជាជំនួបចុងក្រោយសម្រាប់ឆ្នាំនេះ ក្នុងឋានៈជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងស្របតាមការសន្យារបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៦។ដោយក្នុងជំនួបលើកទី១ ធ្វើឡើងនៅថ្ងៃទី២៩ ខែសីហា នៅតំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ មានកម្មករ និយោជិត ១៨,០១៣នាក់, លើកទី២ នៅថ្ងៃទី០១ ខែកញ្ញា នៅក្រុងតាខ្មៅ មានកម្មករ និយោជិត ១៨,២៨៩នាក់, លើកទី៣ នៅថ្ងៃទី៩ ខែកញ្ញា នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានកម្មករនិយោជិត ១៨,២៦៥នាក់, លើកទី៤ នៅថ្ងៃទី១៩ ខែកញ្ញា ក្នុងស្រុកបាទី ខេត្តតាកែវ មានកម្មករនិយោជិត ១៨,១០៤នាក់, លើកទី៥ នៅថ្ងៃទី៣ ខែតុលា នៅខណ្ឌដង្កោ និងមានជ័យ រាជធានីភ្នំពេញ មានកម្មករនិយោជិត ១៨,០៩៩នាក់, លើកទី៦ នៅថ្ងៃទី២៥ ខែតុលា នៅស្រុកព្រៃឈរ ខេត្តកំពង់ចាម មានកម្មករនិយោជិត ១២,០៦០នាក់, លើកទី៧ នៅថ្ងៃទី២៨ ខែតុលា មានកម្មករនិយោជិត១៨,០២៨នាក់ នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ, លើកទី៨ នៅថ្ងៃទី២ ខែវិច្ឆិកា មានកម្មករ និយោជិត ១៨,១៩០នាក់ នៅក្រុងតាខ្មៅ លើកទី៩ នៅថ្ងៃទី៧ ខែវិច្ឆិកា នៅតំបន់សេដ្ឋកិច្ចពិសេសខេមបូឌា ចេជាង ហ្គ័រជី អេសអ៉ីហ្សេត ក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានកម្មករ និយោជិត ១៥,១៩៤នាក់ និងលើកទី១០ នៅខណ្ឌកំបូល រាជធានីភ្នំពេញ មានកម្មករ និយោជិតប្រមាស ១៨,១០៨នាក់។

នៅក្នុងចំនួនទាំង ១០លើកនោះ មានកម្មករនិយោជិតមកពីក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស និងរោងចក្រសហគ្រាសចំនួន ១៨៩ រួមមាន៖ រោងចក្រកាត់ដេរសម្លៀកបំពាក់ ១២២, រោងចក្រផលិតផលធ្វើដំណើរ និងកាបូប ១៦, រោងចក្រដេរស្បែកជើង ១៦, រោងចក្របោកគក់សម្លៀកបំពាក់ ៦, រោងចក្រតម្បាញ ៣, រោងបោះពុម្ពលើសម្លៀកបំពាក់ ៣, រោងចក្រសេវាប៉ាក់សម្លៀកបំពាក់ ២, រោងចក្រផលិតសម្ភារសត្វចិញ្ចឹម ២, រោងចក្រផលិតកេសកាតុង ២, រោងចក្រផលិតចំណីសត្វ ២, ក្រុមហ៊ុនអភិវឌ្ឍន៍ពិសេស ១, រោងចក្រផលិតផលិតផលតង់ និងសម្ភារបោះជំរំ ១, រោងចក្រផលិតស្បែកជើង១, រោងចក្រផលិតគ្រឿងអេឡិចត្រូនិក ១, រោងចក្រផលិតឆត្រ ១, រោងចក្រខារអំបោះ ១, រោងចក្របោះពុម្ភលើក្រណាត់១, រោងចក្រផលិតគ្រឿងសង្ហារឹម ១, រោងចក្រផលិតថ្មម៉ាប ១, រោងចក្រកែច្នៃស្បែក ១, រោងចក្រផលិតសម្ភារការិយាល័យ ១, រោងចក្រផលិតស្បែកជើង កាបូប និងខ្សែក្រវាត់ ១, រោងចក្រជ្រលក់ក្រណាត់ ១, រោងចក្រផលិតអេប៉ុង ១ , និងរោងចក្រកែច្នៃផលិតផលជ័រ និងគ្រឿងផ្លាស្ទិចចំនួន ១៕