សម្តេចធិបតី រំពឹងថា សេដ្ឋកិច្ចកម្ពុជា នឹងកើន៥.៦% នៅឆ្នាំនេះ ខណៈឆ្នាំក្រោយ នឹងបន្តកើនដល់ ៦.៦%

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបង្ហាញក្តីរំពឹងទុកថា សេដ្ឋកិច្ចកម្ពុជាឆ្នាំនេះ នឹងមានកំណើន ៥.៦ភាគរយ ខណៈឆ្នាំ២០២៤ ខាងមុខនេះ នឹងបន្តកើនឡើង ៦.៦ភាគរយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើកឡើងរបស់សម្តេចធិបតីបែបនេះ បានធ្វើឡើងក្នុង ចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០២៣ ស្តីពីចក្ខុវិស័យប្រទេសកម្ពុជា ឆ្នាំ២០៣០ និងឆ្នាំបន្តបន្ទាប់ទៀត៖ ការកំណត់មាគ៌ាសម្រាប់វិបុលភាពប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន កាលព្រឹកថ្ងៃទីសន្និសីទ២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។

នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា រាជរដ្ឋាភិបាលនីតិកាលទី៧នេះ ចាត់ទុកសន្និសីទនេះជាវេទិកាដ៏សំខាន់ ដែលផ្ដល់ឱកាសឱ្យតួអង្គពាក់ព័ន្ធទាំងអស់ ជាពិសេស «សា្ថប័នស្រាវជ្រាវ» បានពិភាក្សា និងផ្តោះប្តូរយោបល់អំពីសមិទ្ធផល, បញ្ហាប្រឈម និង ទិសដៅយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍ ដោយផ្តោតសំខាន់លើការអនុវត្តជាក់ស្តែងផង និងភាពបត់បែនទៅ តាមការផ្លាស់ប្តូរនៃបរិការណ៍សកល និងតំបន់ផង ដើម្បីអាចនាំនាវាកម្ពុជាទៅកាន់វិបុលភាព ប្រកបដោយភាពធន់ និរន្តរភាព និងបរិយាប័ន្ន។

សម្តេចធិបតី បានថ្លែងទៀតថា រយៈពេលជាងពីរទស្សវត្សរ៍ចុងក្រោយនេះ ផ្តើមចេញពីនយោបាយឈ្នះ-ឈ្នះរបស់សម្ដេចតេជោ ហ៊ុន សែន កម្ពុជាកសាងបាននូវមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរឹងមាំសម្រាប់ការអភិវឌ្ឍន៍ ដោយប្រកាន់យកប្រព័ន្ធសេដ្ឋកិច្ចទីផ្សារ ការបើកចំហរ ការធ្វើពាណិជ្ជកម្មអន្តរជាតិ ឈរលើគោលការណ៍ពហុភាគីនិយម។

ជាមួយគ្នានេះ សម្តេចធិបតី បានបង្ហាញក្ដីរំពឹងដែរថា៖« ជាមួយនឹងការដាក់ចេញគោលនយោបាយអាទិភាពនិងការអនុវត្តវិធានការគន្លឹះ និងវិធានការមុតស្រួចនានា ដែលត្រូវបានដាក់ចេញកន្លងមក និងវិធានការបុរេសកម្មផ្សេងៗនាពេលខាងមុខ កម្ពុជា រំពឹងថា នឹងសម្រេចបាននូវកំណើនសេដ្ឋកិច្ចក្នុងអត្រា ៥.៦ភាគរយ នៅឆ្នាំ២០២៣ និងបន្តនូវកំណើនកាន់តែលឿននៅឆ្នាំ២០២៤ ជាមួយនឹងអត្រាកំណើន ៦.៦ ភាគរយ» ។

ហេតុនេះ ដើម្បីបន្តជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាថា រាជរដ្ឋាភិបាល និងខិតខំជំរុញ និងទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ដើម្បីជាមូលដ្ឋានកសាងចន្ទល់សម្រាប់ទ្រទ្រង់កំណើនសេដ្ឋកិច្ចកម្ពុជាឱ្យរក្សាបានភាពធន់ និងមានសន្ទុះខ្លាំងថែមទៀត៕ អត្ថបទ៖ រង្សី