និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ៦រូប ជាប់ទៅបន្តការសិក្សានៅសាកលវិទ្យាល័យជាតិសហរដ្ឋអាមេរិក

សង្គម​និង​សេដ្ឋកិច្ច

ភ្នំពេញ៖ និស្សិតខ្មែរកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញចំនួន៦នាក់ បានប្រឡងជាប់បន្តការសិក្សា​នៅសាកលវិទ្យាល័យ Angelo State សហរដ្ឋអាមេរិករយៈពេល៣ឆ្នាំ ក្រោមកម្មវិធីសហការរវាងសាកលវិទ្យា​ល័យ​ភូមិន្ទភ្នំពេញ និងសាកលវិទ្យាល័យ Angelo State សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងពិធីសំណេះសំណាលជាមួយនិស្សិតត្រៀមចេញដំណើរទៅសិក្សានៅសហរដ្ឋអាមេរិក កាលពីព្រឹក​ថ្ងៃទី២៣ វិច្ឆិកា ២០២៣ ឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានមានប្រសាសន៍ថាសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានសហការជាមួយសាកលវិទ្យាល័យជាច្រើននៅក្រៅប្រទេស និងមានការទទួលស្គាល់ពីក្រសួងអប់រំយុវជននិងកីឡា ជាក់ស្ដែងក្នុងកិច្ចសហប្រតិបត្តិការ​ជាមួយសាកល​វិទ្យាល័យ Angelo State សហរដ្ឋអាមេរិកនេះ គឺក្រសួងអប់រំយុវជននិងកីឡាកម្ពុជា ទទួលស្គាល់និងអនុញ្ញាត​ឱ្យសាកលវិទ្យាល័យភូមិន្ទភ្នំពេញបញ្ជូននិស្សិតទៅសិក្សាបន្តនៅសហរដ្ឋអាមេរិក។

ឯកឧត្តមបណ្ឌិតបន្តថា នៅក្នុងពេលដំបូងសាកលវិទ្យាល័យសហរដ្ឋអាមេរិកមួយនេះ បានធ្វើការជាមួយ​សាកល​វិទ្យាល័យភូមិន្ទតែលើមុខវិជ្ជាវិទ្យាសាស្ត្រពិតទេ ដូចជារូបវិទ្យា គណិតវិទ្យា ជីវៈវិទ្យា និងព័ត៌មានវិទ្យា ប៉ុន្តែក្រោយ​មកទៀត ដោយសារតែយើងធ្វើការងារបានល្អ គ្រូបង្រៀនបានយកចិត្តទុកដាក់ខ្ពស់ ទើបធ្វើឱ្យសាកលវិទ្យាល័យ​សហរដ្ឋអាមេរិកមួយនេះ បានពង្រីកទៅដល់វិទ្យាសាស្ត្រសង្គមបន្ថែមទៀត។

លោកបញ្ជាក់ថា កម្មវិធីសិក្សានេះ យើងហៅថា ១+៣ ដែលមានន័យថា១ឆ្នាំសិក្សានៅសាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ និង៣ឆ្នាំ សិក្សានៅសាកលវិទ្យាល័យ Angelo State សហរដ្ឋអាមេរិក តែនិស្សិតដែលក្នុងកម្មវិធីនេះ ទទួលបានសញ្ញាបត្រដល់ទៅ២ គឺ១ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និង១ទៀតពីសាកលវិទ្យាល័យ Angelo State។

ឯកឧត្តមបន្តថា ក្រៅពីសាកលវិទ្យាល័យនៅសហរដ្ឋអាមេរិក សាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានកិច្ចសហ​ប្រតិបត្តិ​ជាមួយសាកលវិទ្យាល័យនៅក្រៅប្រទេសជាង២៥០សាកលវិទ្យាល័យ ដូចជានៅអាស៊ី អឺរ៉ុប សហរដ្ឋ​អាមេរិក។

កញ្ញា គៀង គុនថារ៉ូឡែន និស្សិតម្នាក់ដែលជាប់ទៅបន្តការសិក្សានៅសហរដ្ឋអាមេរិក ៣ឆ្នាំជំនាញវិស្វកម្ម​មេកានិក បានឱ្យដឹងថា កម្មវិធីសិក្សាដែលមានកិច្ចសហការរវា​សាកលវិទ្យាល័យភូមិន្ទភ្នំពេញនិង​សាកលវិទ្យា​ល័យ Angelo State សហរដ្ឋអាមេរិក នឹងផ្ដល់ឱកាសដល់និស្សិតខ្មែរអាចបន្តការសិក្សានៅក្រៅប្រទេស បាន​កាន់តែច្រើន។ អ្វីដែលពិសេសតាមរយៈពេលកម្មវិធីសិក្សា១+៣ នឹងធ្វើឱ្យនិស្សិតអាចសន្សំសំចៃ​ថវិកាបាន​មួយ​ចំនួន ដោយសារតែក្នុងឆ្នាំដំបូងយើងរៀននៅក្នុងស្រុក ហើយចាប់ពីឆ្នាំទី២ទៅ ទើបយើងឡើងទៅរៀន​នៅ​សហរដ្ឋ​អាមេរិក។

កញ្ញាបន្តថាអ្វីដែលនិស្សិតត្រូវត្រៀមមុននឹងប្រឡងទៅរៀននៅសហរដ្ឋអាមេរិកគឺមុខវិជ្ជាជំនាញរបស់យើង និងជាពិសេសនោះគឺ ភាសាអង់គ្លេស ពីព្រោះថាពេលទៅរៀននៅអាមេរិក យើងអត់ប្រើភាសាខ្មែរជាតិយើងទេ គឺត្រូវប្រើអង់គ្លេស ហើយបើសិនជាយើងចេះអង់គ្លេសមិនដល់កម្រិតគឺមិនមានឱកាសទៅរៀននៅទីនោះទេ។

យុវជនឡេក ប៊ុនសេង និស្សិតដែលនឹងទៅសិក្សានៅសាកលវិទ្យាល័យ​អាមេរិកមួយនេះដែរលើជំនាញ​វិទ្យាសាស្ត្រ​កុំព្យូទ័រ ក៏បាននិយាយឱ្យដឹងថា ជាមោទនភាពមួយដែលលោកបានទៅសិក្សានៅក្រៅ ប្រទេសរហូតដល់សហរដ្ឋអាមេរិករយៈពេល៣ឆ្នាំ។

គួរបញ្ជាក់ថានិស្សិតទាំង៦នាក់ដែលបានសិក្សានៅសាកលវិទ្យាល័យ Angelo State រួមមាន១.កញ្ញា គៀង គុនថារ៉ូឡែន ជំនាញវិស្វកម្មមេកានិក ២. លោកឡេក ប៊ុនសេង ជំនាញវិទ្យាសាស្ត្រ កុំព្យូទ័រ ៣. លោកណក់ រតនៈ ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ៤. លោក សារុត ចេស្ដា ជំនាញវិទ្យាសាស្ត្រកុំព្យូទ័រ ៥. លោកជឹម សិក្ខាយុត្ត ជំនាញ Business Administration និង ៦. លោកវ៉ាន រាជវន្ត ជំនាញវិស្វកម្មសំណង់ស៊ីវិល។

តម្លៃសិក្សានៅសាកលវិទ្យាល័យត្រូវបានបង្ហើបឱ្យដឹងថាប្រមាណ ៩០០០ដុល្លារអាមេរិកក្នុងមួយឆ្នាំ ដោយមិន​ទាន់​រាប់បញ្ចូលការស្នាក់នៅ ហូបចុក និងការចំណាយក្នុងអំឡុងពេលសិក្សាឡើយ។ ហើយតម្លៃនេះគឺ​ពិសេស​សម្រាប់​និស្សិតកម្ពុជាដែលចេញពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។