កម្ពុជារកលុយបាន ៤២០.៨១លានដុល្លារពីការនាំចេញអង្ករទៅកាន់ទីផ្សារបរទេសរយៈពេល១១ខែ ឆ្នាំ២០២៣

សង្គម​និង​សេដ្ឋកិច្ច


នៅក្នុងរយៈពេល ១១ខែឆ្នាំ២០២៣ កម្ពុជានាំចេញអង្ករបានចំនួន ៥៩៥ ៦៣០ តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២០.៨១ លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សហព័ន្ធស្រូវអង្ករកម្ពុជាបានឲ្យដឹងថា រយៈពេល១១ខែឆ្នាំ២០២៣នេះកម្ពុជាសម្រេចនាំចេញអង្ករបាន ៨៥%នៃផែនការ ៧០០ពាន់តោនគឺសម្រេចំនួនជាង ៥៩៥តោន ដែលគិតជាទឹកប្រាក់បានចំនួន ៤២០.៨១ លានដុល្លារសហរដ្ឋអាមេរិក។

បើតាមសហព័ន្ធស្រូវអង្ករកម្ពុជា ការនាំចេញអង្ករ ៥៩៥ ៦៣០ តោន ទៅកាន់ ៦០គោលដៅដែលមាន ៦០ក្រុមហ៊ុននាំចេញ។ ក្នុងនោះទៅកាន់ប្រទេសចិន និងតំបន់រដ្ឋបាលស្វយ័ត មានចំនួន ១៩៨ ៧៦១តោន គិតជាទឹកប្រាក់ ១២៨.០០លានដុល្លារ, ទៅកាន់សមាជិកអាស៊ាន ៦ប្រទេសមាន ៧៦ ៥១៤តោន ជាទឹកប្រាក់ ៥០.៣០លានដុល្លារ, ទៅកាន់ទ្វីបអ៉ឺរ៉ុប ២៦ប្រទេស មានចំនួន ២៤០ ៥៧១តោន គិតជាទឹកប្រាក់ ១៧១.៩០លានដុល្លារ និងនាំចេញទៅកាន់ ២៦ប្រទេសផ្សេងទៀតនៅអាហ្វ្រិក មជ្ឈឹមបូពា៍ មាន ៧៩ ៦០៤តោន ដែលគិតជាទឹកប្រាក់មានចំនួន ៧០.៥៤លានដុល្លារអាមេរិក។

ប្រភេទអង្ករនាំចេញមាន អង្ករក្រអូបគ្រប់ប្រភេទ, អង្ករសគ្រាប់វែង, អង្ករសគ្រាប់ខ្លី, អង្ករចំហ៊ុយ និងអង្ករសរីរាង្គជាដើម។

ដោយឡែកសម្រាប់ការនាំចេញស្រូវក្នុងរយៈពេល ១១ខែឆ្នាំ២០២៣នេះទៅកាន់ប្រទេសជិតខាងមានចំនួន ៣ ៩២៦ ៥៦៦តោន ១ ១៥៦.៧០លានដុល្លារ ក្នុងនោះ ៦៤%ឆ្លងកាត់ការស្នើសុំបញ្ជាក់ឯកសារនាំចេញពិអាជ្ញាធរមានសមត្ថកិច្ច៕