អន្តរក្រសួង ពន្លឿនដំណើរការគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គតម្លៃជាង២៣០លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

គណៈកម្មការអន្តរក្រសួង បានបើកកិច្ចប្រជុំរួមគ្នា ដើម្បីពន្លឿន និងជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង បានធ្វើឡើងកាលព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ ក្រោមវត្តមាន លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងដើម្បីជំរុញដំណើរការអនុវត្តគម្រោងផ្លូវល្បឿនលឿនតភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) និងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួង ព្រមទាំងភាគីពាក់ព័ន្ធសំខាន់ជាច្រើនទៀត។

សូមរម្លឹកដែរថា គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែង១៣៥គីឡូម៉ែត្រ និងស្ពានឆ្លងកាត់ទន្លេមេគង្គ (ដីឥដ្ឋ-ថ្មគរ) មានប្រវែងប្រមាណ៣គីឡូម៉ែត្រ ត្រូវបានប្រកាសបើកការដ្ឋានសាងសង់ជាផ្លូវការកាលពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេច តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT”។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានសម្រេចឱ្យមានការសាងសង់គម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ (ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ដោយគ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារ ដែលជាថវិកាជាតិ។

គម្រោងទាំងពីរនេះនឹងអនុវត្តការសាងសង់ដោយក្រុមហ៊ុនសាជីវកម្មស្ពាននិងថ្នល់ចិន(CRBC) ប្រើប្រាស់រយៈពេលសាងសង់ចំនួន ៤៨ខែ គ្រោងនឹងបញ្ចប់នៅក្នុងអំឡុងឆ្នាំ២០២៧។

សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ធ្លាប់បានឱ្យដឹងថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត នឹងផ្តល់ផលចំណេញផ្នែកសេដ្ឋកិច្ច និងវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ដល់កម្ពុជា ជាពិសេសអត្រាចំណេញខាងផ្នែកសេដ្ឋកិច្ច ពិសេសផ្លូវនេះនឹងក្លាយជាផ្នែកមួយយ៉ាងសំខាន់ក្នុងការបំពេញបន្ថែមឱ្យផ្លូវអាស៊ានហាយវ៉េលេខ ១ (AH-1) ដែលជួយសម្រួលបន្ទុកចរាចរណ៍ដឹកជញ្ជូនទំនិញរវាងប្រទេសកម្ពុជា ថៃ និងវៀតណាម៕ អត្ថបទ៖ រង្សី