រដ្ឋាភិបាល បង្កើតគណៈកម្មការជំរុញគម្រោងផ្លូវរថភ្លើងធុនស្រាល និងផ្លូវរថភ្លើងក្រោមដីជាផ្លូវការ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួងជាផ្លូវការហើយ ដើម្បីជំរុញដំណើរការសិក្សាគម្រោង ចំនួន២គឺ ផ្លូវរថភ្លើងធុនស្រាលតភ្ជាប់រាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី (នៅក្រុងតាខ្មៅ) និងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ដែលចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលផ្សាយចេញនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។

តាមរយៈសេចក្តីសម្រេចដដែល គណៈកម្មការអន្តរក្រសួងនេះ មានលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាប្រធាន ព្រមទាំងអនុប្រធាន និងសមាជិក៦រូបផ្សេងទៀត ដែលមកពីអន្តរក្រសួង។

គណៈកម្មការអន្តរក្រសួងនេះ នឹងមានភារកិច្ចពិនិត្យ ផ្តល់យោបល់អំពីនីតិវិធី ក្របខណ្ឌគតិយុត្ត និងទម្រង់នៃការវិនិយោគលើគម្រោងផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីរាជធានីភ្នំពេញ ទៅព្រលានយន្តហោះថ្មី និងផ្លូវរថភ្លើងក្រោមដីរាជធានីភ្នំពេញ។

ជាមួយគ្នានេះ គណៈកម្មាការខាងលើ ក៏មានភារកិច្ចជំរុញគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើងធុនស្រាលនេះ ឱ្យបានសម្រេចជាស្ថាពរ ដើម្បីរួមចំណែកពល្បឿនការអភិវឌ្ឍ វិស័យដឹកជញ្ជូនអ្នកដំណើរចេញចូលមកកាន់ ទីក្រុង និងកាត់បន្ថយចរាចរណ៍ ដែលកំពុងតែមមាញឹកខ្លាំង នៅក្នុងទីក្រុង ភ្នំពេញ ព្រមទាំងធ្វើរបាយការណ៍ស្តីពីលទ្ធផលការងារជូនប្រមុខរាជរដ្ឋាភិបាលផងដែរ។

គួរបញ្ជាក់ដែរថា តាមរយៈសេចក្តីសម្រេចនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានស្នើឱ្យរដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ៕ អត្ថបទ៖ រង្សី