សម្តេចធិបតី ជំរុញលើកទឹកចិត្តវិនិយោគិន និងធុរជនវៀតណាម ច្បាមយកកាលានុវត្តភាពមកបណ្តាក់ទុនកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

វេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២៣ បានរៀបចំឡើងកាលពីថ្ងៃទី១២ ខែធ្នូ នៅរដ្ឋធានីហាណូយ ក្រោមវត្តមាននាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរ ព្រមទាំងមានការចូលរួមពីអ្នកឧកញ៉ា ឧកញ៉ា តំណាងក្រសួង​ ស្ថាប័ន និងវិស័យឯកជនសរុបប្រមាណ ៤០០រូប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC បានឲ្យដឹងថា ក្នុងវេទិកានេះសម្តេចធិបតីបានសម្តែងនូវការស្វាគមន៍ចំពោះភ្ញៀវកិត្តិយសដែលបានបង្ហាញចំណាប់អារម្មណ៍ក្នុងការស្វែងយល់បន្ថែមអំពីសក្តានុពល និងកាលានុវត្តភាពវិនិយោគនៅកម្ពុជា​ ព្រមទាំងគោលនយោបាយ, យុទ្ធសាស្រ្ត, ច្បាប់,​ លិខិតបទដ្ឋានគតិយុត្ត និងវិធានការនានាដែលរាជរដ្ឋាភិបាលនីតិកាលទី៧បានដាក់ចេញកន្លងទៅថ្មីៗនេះ។

ក្នុងឪកាសនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តី បានជំរុញ និងលើកទឹកចិត្តឲ្យវិនិយោគិន និងធុរជនវៀតណាម ច្បាមយកកាលានុវត្តភាពជាអតិបរមាពីកត្តាសុខសន្តិភាព ស្ថិតរភាពសេដ្ឋកិច្ច និងនយោបាយ បរិយាកាសវិនិយោគប្រកបដោយភាពទាក់ទាញ បរិស្ថានធុរកិច្ចដែលអំណោយផល និងភាពរីកលូតលាស់នៃហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ មកបណ្តាក់ទុនធ្វើប្រតិបត្តិការអាជីវកម្មឲ្យកាន់តែច្រើនឡើងបន្ថែមទៀតនៅកម្ពុជា ជាពិសេសក្នុងវិស័យមានសក្តានុពលខ្ពស់ដែលអាចថ្គក់ទៅនឹងខ្សែច្រវាក់ផលិតកម្មនៅវៀតណាម ដូចជាកសិកម្មទំនើប, ឧស្សាហកម្មកែច្នៃចំណីអាហារ, យានយន្ត អេឡិចត្រូនិក, បច្ចេកវិទ្យាឌីជីថល, បច្ចេកវិទ្យាហិរញ្ញវត្ថុ និងឧស្សាហកម្មកម្មន្តសាលដទៃទៀត។

លោក ផាម មិញជិញ នាយករដ្ឋមន្រ្តីវៀតណាម បានគូសបញ្ជាក់ថា វត្តមានសម្តេចធិបតី នាពេលនេះគឺជការឆ្លុះបញ្ចាំងពីវឌ្ឍនភាពថ្មីនៃការថែរក្សា និងពូនជ្រុំទំនាក់ទំនងទ្វេភាគីឲ្យកាន់តែរីកធំធាត់ ជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្ម ដែលជាចំណុចលេចធ្លោរវាងប្រទេសទាំងពីរ។ ក្នុងន័យនេះ នាយករដ្ឋមន្រ្តីវៀតណាម បានប្តេជ្ញានឹងបន្តចូលរួមជំរុញវិនិយោគ និងពាណិជ្ជកម្មទ្វេភាគីឲ្យកាន់តែមានវិបុលភាពតទៅមុខទៀត តាមរយៈការតភ្ជាប់ខ្សែច្រវាក់ផ្គត់ផ្គង់ឲ្យគ្នាទៅវិញទៅមក ដើម្បីទាក់ទាញយកប្រយោជន៍ពីសក្តានុពល និងកាលានុវត្តភាពដែលប្រសូត្រចេញពីភាពល្អប្រសើរនៃបរិយាកាសវិនិយោគ បរិស្ថានធុរកិច្ច និងបរិការណ៍សេដ្ឋកិច្ចតំបន់ និងសកល។

ក្រោយបញ្ចប់វេទិកាជំរុញវិនិយោគ និងពាណិជ្ជកម្ម កម្ពុជា-វៀតណាម ២០២៣ នាយករដ្ឋមន្រ្តីនៃប្រទេសទាំងពីរបានអញ្ជើញធ្វើជាសក្ខីភាពបើកដាក់ឲ្យដំណើរការជើងហោះហើរត្រង់ពីរដ្ឋធានីហាណូយ មកកាន់ខេត្តសៀមរាប ដែលតាមរយៈការបើកឱ្យមានជើងហោះហើរត្រង់នេះ គឺនឹងផ្តល់អត្ថប្រយោជន៍ជាច្រើន តាមរយៈការទាក់ទាញភ្ញៀវទេសចរពីប្រទេសវៀតណាម និងលំហូរនៃធុរជន និងវិនិយោគិន ក៏ដូចជាការសម្រួលដល់មធ្យោយបាយធ្វើដំណើរ និងការដឹកជញ្ជូនជាដើម ។ល។

សូមជម្រាបជូនថា ដំណើរទស្សនកិច្ចសម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់រដ្ឋធានីហាណូយ​រយៈពេលពីរថ្ងៃនោះ សម្តេចធិបតីនាយករដ្ឋមន្រ្តីបានជួបពិភាក្សាការងារជាមួយក្រុមហ៊ុនធំៗរបស់វៀតណាម ដូចជា៖ ក្រុមហ៊ុនអាកាសចរណ៍ Vietjet Group, សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម (VRG), ធនាគារវិនិយោគ និងអភិវឌ្ឍន៍វៀតណាម (BIDV), ក្រុមហ៊ុន TRUONG HAI GROUP CORPORATION (THACO), និងក្រុមហ៊ុន VINGROUP ជាដើម៕