World Bank ប្រកាសជំហរបន្តគាំទ្រកម្ពុជាសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់

សង្គម​និង​សេដ្ឋកិច្ច

នៅចំពោះមុខសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន លោកជំទាវ Manela V.Ferro អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក បានធ្វើការប្ដេជ្ញាចិត្តរបស់ធនាគារពិភពលោក ក្នុងការបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំ និងស្អិតរមួត ជាមួយរាជរដ្ឋាភិបាលកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោកជំទាវក៏បានអះអាងអំពីជំហរច្បាស់លាស់របស់ធនាគារពិភពលោក ក្នុងការបន្តគាំទ្ររាជរដ្ឋាភិបាល លើជំហានយ៉ាងស្វាហាប់ ឆ្ពោះទៅសម្រេចបាននូវឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ ។

នេះបើយោងតាមជំនួបរវាងសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងគណៈប្រតិភូធនាគារពិភពលោក ដឹកនាំដោយលោកជំទាវ Manela V.Ferro អនុប្រធានធនាគារពិភពលោក ទទួលបន្ទុកអាស៊ីខាងកើត និងប៉ាស៊ីហ្វិក នាវិមានសន្តិភាព នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២។

ជាមួយគ្នានេះលោកជំទាវ Manela V.Ferro បានវាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែង និងការឆ្លើយតបប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ ជាពិសេស សម្រេចបានការចាក់វ៉ាក់សាំងក្នុងអត្រាកម្រិតខ្ពស់ជាងគេក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក និងសម្រេចបានការបើកប្រទេសកាលពីខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន ក៏បានជម្រាបជូនលោកជំទាវ Manela អំពីអភិក្រមផ្ការីកក្នុងការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា ហើយបានមានប្រសាសន៍បន្ថែមទៀតថា ការចាក់ស្រោចវ៉ាក់សាំងជូនដល់ប្រជាពលរដ្ឋកម្ពុជា មិនត្រឹមតែជួយអាយុជីវិតប្រជាពលរដ្ឋកម្ពុជានោះទេ គឺជួយដល់សេដ្ឋកិច្ចកម្ពុជាផងដែរ។

សម្តេចតេជោ បានថ្លែងអំណរគុណជូនដល់ធនាគារពិភពលោក ដែលបានផ្ដល់នូវកិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាភាពជាដៃគូល្អ ហើយអ្វីដែលធនាគារពិភពលោកអាចបន្តធ្វើទៀតនោះ គឺជំរុញភាពចាប់ដៃគូឲ្យកាន់តែខ្លាំងឡើង និងជំរុញរាល់គម្រោងដែលអាចធ្វើបាន ដើម្បីចូលរួមចំណែកក្នុងការជំរុញសេដ្ឋកិច្ចកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានជម្រាបជូនលោកជំទាវ Manela អំពីអ្វីដែលកម្ពុជា ចង់បានក្នុងឱកាសដែលកម្ពុជា ធ្វើជាប្រធានអាស៊ាន នោះគឺចង់បានឲ្យអាស៊ាន បង្កើតនូវស្ថានភាពអំណោយផលបំពេញឲ្យគ្នាទៅវិញទៅមកក្នុងក្របខណ្ឌ អាស្តា ផង និងក្របខ័ណ្ឌអាស៊ានបូក៥ ផង ក៏ដូចជាចង់បានឲ្យរបៀបការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងអាស៊ាន មានលំហូរល្អ៕