បេក្ខជនប្រឡងជាង៣ពាន់នាក់ ក្រសួងកសិកម្ម រំពឹងថា នឹងបានមន្រ្តីដែលមានសមត្ថភាពសម្រាប់ទៅបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរំពឹងថា នឹងបានមន្ដ្រីដែលមានសមត្ថភាពសម្រាប់ទៅបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលចេញពីការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ ដែលមានបេក្ខជនប្រឡងចំនួន៣,៣៨១នាក់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងពេលផ្តល់បទសម្ភាសជូនក្រុមអ្នកសារព័ត៌មានក្រោយបើកដំណើរការកញ្ចប់វិញ្ញាសាប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានថ្លែងថា ក្រសួងកសិកម្មរំពឹងថា នឹងបានមន្ដ្រីដែលមានសមត្ថភាពសម្រាប់ទៅបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដូច្នេះគោលដៅធំបំផុតនៃការរៀបចំការប្រឡងនេះ គឺដើម្បីទទួលបាននូវមន្ដ្រីដែលមានសមត្ថភាពយ៉ាងពិតប្រាកដ។

នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣នេះ រយៈពេលមួយថ្ងៃពេញ ក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានរៀបចំការប្រឡងជ្រើសរើសមន្ដ្រីកសិកម្មឃុំ ឆ្នាំ២០២៣ ដែលមានបេក្ខជនប្រឡងចំនួន៣,៣៨១នាក់ លើវិញ្ញាសាចំនួន ៣ ប្រភេទ៖ ១៖ វិញ្ញាសាសរសេរជំនាញកសិកម្ម, ២៖ វិញ្ញាសាពហុចម្លើយ, ៣៖ វិញ្ញាសារសរសេរភាសាអង់គ្លេស។

លោក ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡង បានគូសបញ្ជាក់ថា ការរៀបចំដំណើរការប្រឡងនេះ ដែលបានប្រព្រឹត្តទៅដោយរលូន និងធានាបាននូវតម្លាភាព ភាពត្រឹមត្រូវ យុត្តិធម៌ ហើយអាចទទួលយកបានពីគ្រប់ភាគីទាំងអស់ ទាំងដំណាក់កាលជ្រើសរើសប្រធានវិញ្ញាសា និងដំណាក់កាលប្រឡង។

លោក ហ៊ុន ម៉ានី បានអះអាងថា តាំងពីដំណាក់កាលរៀបចំដំបូង រហូតដល់ពេលចាប់ផ្ដើមប្រឡង គឺបានប្រព្រឹត្តទៅដោយរលូន ខណៈប្រធានវិញ្ញាសាក៏ធានាបានទាំងស្រុងថា មិនបានបែកធ្លាយ ឬដឹងដល់បេក្ខជនប្រឡងនោះទេ ពោលប្រធានវិញ្ញាសាត្រូវបានជ្រើសរើសភ្លាមៗតែម្ដង នៅថ្ងៃប្រឡង។

លោករដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈថ្លែងបញ្ជាក់យ៉ាងដូច្នេះថា៖ «ការរៀបចំរបស់យើងគឺមានការហ្មត់ចត់ ផ្ដោតលើអ្វីដែលជាបទពិសោធន៍កន្លងមកយើងធ្វើការផ្សព្វផ្សាយជាសាធារណៈជាបន្ដបន្ទាប់ ដើម្បីឲ្យប្រជាពលរដ្ឋបានដឹងអំពីការវិវឌ្ឍន៍ទៅលើការរៀបចំរបស់យើង […] ដើម្បីធានាកុំឲ្យមានការបែកធ្លាយវិញ្ញាសា គឺយើងធ្វើនៅថ្ងៃនេះតែម្ដង ជ្រើសរើសដោយមានការចូលរួមពីភាគីផ្សេងៗខុសៗគ្នា យើងព្រីនភ្លាមៗ និងដំណើរការប្រឡងតែម្ដង»។

សម្រាប់នីតិវិធី នៃដំណាក់កាលធ្វើអត្រាកំណែវិញ លោក ហ៊ុន ម៉ានី បានឲ្យដឹងថា នឹងចាប់ផ្ដើមនៅថ្ងៃទី១៨ ខែធ្នូនេះតែម្តងដោយផ្ដើមពីការកាត់ក្បាលសន្លឹកកិច្ចការ និងចុះលេខសម្ងាត់ទើបរៀបចំការធ្វើកំណែ។ លោកសង្កត់ធ្ងន់ថា ដើម្បីធានាតម្លាភាពនៅដំណាក់កាលកំណែនេះ អ្នកដែលផ្ដល់ប្រធានវិញ្ញាសា និងអ្នកធ្វើកំណែមិនមែនជាមនុស្សតែមួយនោះទេ ពោលអ្នកដាក់ប្រធានវិញ្ញាសាផ្សេង ហើយអ្នកកែផ្សេង។

បើតាមប្រធានគណៈកម្មការរៀបចំការប្រឡងរូបនេះបានអះអាងបន្ថែមថា ចាប់ពីថ្ងៃប្រឡង រហូតដល់ថ្ងៃចេញលទ្ធផល អាចនឹងប្រើប្រាស់រយៈពេលមួយសប្ដាហ៍ ពោលអាចនឹងបញ្ចប់នៅអំឡុងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ហើយដើម្បីធានាដល់ការប្រព្រឹត្តទៅតាមរយៈពេលដែលបានកំណត់នោះ គឺអាស្រ័យលើល្បឿននេះការធ្វើកំណែ ប៉ុន្ដែទោះជាយ៉ាងណា មិនឲ្យលើសពីមួយសប្ដាហ៍នោះទេ។

សូមជម្រាបជូនថា ការប្រឡង​​ជ្រើស​រើស​មន្ត្រី​កសិកម្ម​ឃុំឆ្នាំ២០២៣ជាលើកតំបូងនេះ​​ ធ្វើ​ឡើង​ស្រប​តាម​កម្មវិធី​នយោបាយ​របស់​រដ្ឋា​ភិបាល​កម្ពុជា​អាណត្តិ​ទី​៧ក្រោមការដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយក​រដ្ឋមន្ត្រី​​ ដែលបាន​ឲ្យដឹង​កាលពី​កន្លងមកថា​ រដ្ឋាភិបាល​បាន​តៀម​កញ្ចប់ថវិការួច​រាល់​សម្រាប់​ការ​អភិវឌ្ឍវិស័យ​កសិកម្ម និងការ​ដាក់មន្ត្រី​កសិកម្មនៅតាម​ស្រុក​ និងឃុំ​ នៅ​ទូទាំង​ប្រទេស​។

បើតាមសម្តេចធិបតីនាយករដ្ឋមន្រ្តី​ ​រដ្ឋា​ភិបាលបានត្រៀម​កញ្ចប់​ថវិកា​១០០​លាន​ដុលា្លរ ដើម្បី​ពង្រឹងវិស័យ​កសិកម្ម និង​ការ​ដាក់​មន្រ្តី​កសិ​កម្ម​តាម​ស្រុក ឃុំ​នីមួយៗ ដើម្បី​ជួយ​ទៅ​ដល់​ប្រជា​កសិករ​តាម​តំបន់​មូល​ដ្ឋាន។ ស្របពេល​មានការ​ដាក់​ពង្រាយ​មន្ត្រីកសិកម្មនៅ​តាម​ឃុំ​ រដ្ឋា​ភិបាល​ក៏នឹង ដាក់ចេញ​នូវ យន្ត​ការ​សម្របសម្រួល​កម្មវិធី​ហិរញ្ញប្បទាន​ សំដៅ​លើក​ស្ទួយ​កសិផល​ រកទីផ្សារ​ និង ផ្តល់​អន្តរាគមន៍​ឲ្យ​ទាន់​ពេល​វេលា ក្នុងការ​ធានានូវតម្លៃ​កសិផល​ក្នុង​កម្រិត​ណាមួយ​ដែល​អាច​ធ្វើ​ទៅ​បាន​៕