សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចឲ្យអភិបាលខណ្ឌមានជ័យទៅកាន់តំណែងជាអភិបាលរងខេត្តព្រះសីហនុ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចេញអនុក្រឹត្យតែងតាំងលោក ហែម ដារិទ្ធិ ឋានន្តរស័ក្តឧត្តមមន្រ្តីថ្នាក់លេខ៣ ឲ្យកាន់មុខដំណែងជាអភិបាលរងខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ហែម ដារិទ្ធិ បច្ចុប្បន្នកំពុងកាន់តួនាទីជាអភិបាលខណ្ឌមានជ័យ​ ដែលត្រូវបានផ្ទេរចេញពី​អភិបាល​ខណ្ឌ​ពោធិ៍សែនជ័យ កាលពី​ថ្ងៃទី​ ២៦ ខែ​កក្កដា ឆ្នាំ​២០២២ ក្រោមការដឹកនាំរដ្ឋបាលរបស់លោក ឃួង ស្រេង ជាអភិបាលក្រុង។

ខេត្តព្រះសីហនុ មានក្រុងស្រុកចំនួន ៥ គឺក្រុងព្រះសីហនុ, ក្រុងកោះរ៉ុង, ស្រុកព្រៃនប់, ស្រុកស្ទឹងហាវ និងស្រុកកំពង់សិលា ខណៈខេត្តជាប់មាត់សមុទ្រមួយនេះក៏គ្រោងនឹងរៀបចំបង្កើតក្រុងថ្មីមួយបន្ថែមទៀត គឺក្រុង «កំពង់សោម» ដែលបំបែកចេញពីស្រុកព្រៃនប់ជាប់នឹងក្រុងបូកគោខេត្តកំពត។

សូមជម្រាបជូនថា ខេត្តព្រះសីហនុ មានលោក គួច ចំរើន ជាភិបាលខេត្តដែលផ្លាស់ប្តូរមកពីខេត្តកំពង់ចាម ជំនួសលោក យន្ត មីន ក្រោយមានឧបទ្ទហេតុបាក់រលំអគារនៅខេត្តព្រះសីហនុ ហើយបន្ទាប់មកលោកត្រូវតែងតាំងជារដ្ឋលេខាធិការក្រសួងការពារជាតិ។ ថ្មីៗនេះ សម្រាប់ផែនការគ្រប់គ្រងសន្តិសុខសណ្តាប់ធ្នាប់ ក៏ត្រូវមានការផ្លាស់ប្តូរផងដែរ ដោយចាត់តាំងលោក ស រដ្ឋា កូនប្រុសសម្តេចក្រឡាហោម ស ខេង ជាស្នងការខេត្តព្រះសីហនុ ជំនួសលោក ជួន ណារិន្ទ ដូរមកកាន់ស្នងការរា​ជធានីភ្នំពេញ បន្តលោក ស ថេត ទៅកាន់អគ្គស្នងការនគរបាលជាតិ បន្តពីលោក នេត សាវឿន ដែលត្រូវបានរាជរដ្ឋភិបាលផ្តល់សេចក្តីទុកចិត្តកាន់តំណែងជាឧបនាយករដ្ឋមន្រ្តី ទទួលបន្ទុកការងារសន្តិសុខជាតិ និងប្រធានអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញឿន ជំនួសនាយឧត្តមសេនីយ៍ កែ គឹមយ៉ាន ដែលអណត្តិទី៧នេះទទួលការតែងតាំងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ៕