សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តក្រុមហ៊ុន Meiji ជប៉ុនដាក់ទុនវិនិយោគលើវិស័យកសិកម្មដោយធ្វើការផលិតផ្ទាល់ ដើម្បីនាំចេញ

សង្គម​និង​សេដ្ឋកិច្ច

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យលោក កាត្សឹណារី  ម៉ាត្សឹដា   (Katsunari Matsuda) នាយកក្រុមហ៊ុន Meiji Co., Ltd ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារក្នុងឱកាសនៃការចូលរួមកិច្ចប្រជុំកំពូលរំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសនៃជំនួបនេះ លោក កាត្សឹណារី  ម៉ាត្សឹដា បានជម្រាបសម្តេចធិបតីអំពីវឌ្ឍនភាពរីកចម្រើននៃសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុន  និងអំពីគម្រោងនៃការវិនិយោគរបស់ខ្លួនទាំងលើភាពសម្បូរបែបនៃផលិតផល និងទាំងលើបច្ចេកវិទ្យាទំនើប នៅក្នុងប្រទេសកម្ពុជា  នាពេលខាងមុខ។

ជាការឆ្លើយតប សម្តេចធិបតី បានសម្តែងនូវសេចក្តីសោមនស្សរីករាយចំពោះក្រុមហ៊ុន Meiji ដែលបានបង្ហាញពីចំណាប់អារម្មណ៍ និងគ្រោងវិនិយោគនៅកម្ពុជា នាពេលអនាគតខាងមុខ ដោយសម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់លើការអភិវឌ្ឍធនធានមនុស្ស ដែលចាំបាច់ត្រូវផ្អែកលើកត្តាចំណេះដឹង សមត្ថភាព និងសុខភាព ដូច្នេះការផ្គត់ផ្គង់ចំណីអាហារប្រកបដោយគុណភាព និងសុវត្ថិភាព ជាកត្តាអទិភាពចម្បង។

ក្នុងន័យនេះ សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនធ្វើការបណ្តាក់ទុនវិនិយោគលើវិស័យកសិកម្ម ដោយធ្វើការផលិតផ្ទាល់ ដើម្បីលក់នៅទីផ្សារកម្ពុជា និងនាំចេញទៅប្រទេសជិតខាង និងប្រទេសក្នុងតំបន់ ដែលកំពុងមានតម្រូវការខ្ពស់ចំពោះផលិតផលទាំងអស់នេះ ព្រមទាំងលើកទឹកចិត្តឱ្យក្រុមហ៊ុនជួយបណ្តុះបណ្តាលធនធានមនុស្សកម្ពុជាលើជំនាញកសិកម្ម ដើម្បីចូលរួមលើកកម្ពស់ផលិតភាពក្នុងវិស័យនេះឱ្យកាន់តែខ្លាំងក្លាថែមទៀតផងដែរ។

លើសពីនេះ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់នៅក្នុងការធានានិរន្តរភាពនៃបរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងវិនិយោគ តាមរយៈការដាក់ចេញនូវគោលនយោបាយ យន្តការអនុវត្ត និងក្របខ័ណ្ឌគតិយុត្តថ្មីៗ ដើម្បីជួយសម្រួល និងផ្តល់នូវការលើកទឹកចិត្តប្រកបដោយភាពអនុគ្រោះ និងភាពទាក់ទាញដល់វិនិយោគិនដែលមកវិនិយោគនៅក្នុងប្រទេសកម្ពុជា៕