ក្នុងចំណោមបេក្ខជនជាង៣ពាន់នាក់ ចម្រាញ់បាន២៥០នាក់ប៉ុណ្ណោះជាមន្រ្តីកសិកម្មឃុំ

សង្គម​និង​សេដ្ឋកិច្ច

មានបេក្ខជនសរុបចំនួន ២៥០នាក់ក្នុងនោះស្រ្តីចំនួន ៩៤នាក់ បានប្រឡងជាប់ជាមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣តំបូងឲ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣។ នេះបើតាមលទ្ធផលប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំឆ្នាំ២០២៣ ចេញផ្សាយដោយក្រសួងមុខងារសាធារណៈ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ ឆ្នាំ២០២៣ ធ្វើឡើងកាលពីថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលមានបេក្ខជនចូលរួមប្រឡងចំនួនសរុប ៣,៣៨១នាក់ ដោយជ្រើសរើសយកចំនួន ២៥០នាក់ប៉ុណ្ណោះ។

លោក ហ៊ុន ម៉ានី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ បានលើកឡើងថា លទ្ធផលនៃការប្រឡងប្រជែងជ្រើសរើសមន្រ្តីកសិកម្មឃុំ គឺមានភាពសុក្រឹតគ្រប់ដំណាក់កាលទាំងអស់ ទាំងការតាក់តែងវិញ្ញាសា ការប្រឡង ការកែ និងការបូកស្រង់ពិន្ទុ ពោលគឺបេក្ខជនដែលជាប់ជាស្ថាពរ គឺមានសមត្ថភាពពិតប្រាកដ ជាប់ដោយមោទនភាព ធ្លាក់ដោយអស់ចិត្ត។

លោកថ្លែងថា៖ បេក្ខជនដែលបានដាក់ពាក្យប្រឡងសុទ្ធ តែមានឆន្ទៈខ្ពស់ ក្នុងការបំពេញការងារជាមន្រ្តីកសិកម្មឃុំ យើងនឹងនៅជាមួយពួកគាត់ និងលើកទឹកចិត្តពួកគាត់ឱ្យបំពេញបេសកកម្មនេះ ព្រោះនេះ គឺជាកិច្ចការមួយថ្មីសម្រាប់យុវជនកម្ពុជា»។

បើតាមលោករដ្ឋមន្ត្រីបន្ទាប់ប្រឡងជាប់ហើយ បេក្ខជនទាំង ២៥០នាក់ នឹងត្រូវចូលរួមវគ្គបណ្ដុះបណ្ដាលរយៈពេល ១ឆ្នាំ ឲ្យស្របទៅតាមជំនាញជាក់ស្ដែង ទើបអាចចាប់ផ្ដើមបំពេញការងារជាមន្ត្រីកសិកម្មឃុំបាននៅតាមមូលដ្ឋាន៕