បច្ចុប្បន្ន កម្ពុជាមានគម្រោងផ្គត់ផ្គង់អគ្គិសនីធំៗ ២៦គម្រោង មានកម្លាំងផលិតបាន ៣៤៥១មេហ្គាវ៉ាត់

សង្គម​និង​សេដ្ឋកិច្ច

ផ្ដើមចេញពីការដុតចន្លុះ កម្ពុជាបានចាប់ផ្ដើមអភិវឌ្ឍន៍វិស័យថាមពលពីមួយដំណាក់កាលទៅមួយ ដំណាក់កាល មានការរីកចម្រើន និងអភិវឌ្ឍគួរឱ្យកត់សម្គាល់ ដោយគិតត្រឹមឆ្នាំ២០២៣ កម្ពុជាមានគម្រោងផ្គត់ផ្គង់អគ្គិសនីធំៗ ចំនួន២៦គម្រោង ត្រូវបានអភិវឌ្ឍ និងមានកម្លាំងផលិតសរុប ៣៤៥១មេហ្គាវ៉ាត់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមការបង្ហាញអំពីសមិទ្ធផលធំៗនៃការអភិវឌ្ឍវិស័យថាមពល រ៉ែ និង​ប្រេងកាតនៅកម្ពុជារបស់ក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា ត្រឹមឆ្នាំ២០២៣ កម្ពុជាមានគម្រោងផ្គត់ផ្គង់អគ្គិសនីធំៗ ២៦គម្រោង ត្រូវបានអភិវឌ្ឍ និងមានកម្លាំងផលិតសរុបប្រមាណ ៣៤៥១មេហ្គាវ៉ាត់ ដែលក្នុងនោះប្រភពថាមពលកកើតឡើងវិញមានប្រមាណ ៦២% និងមានគោលដៅបង្កើនឱ្យបាន ៧០%នៅក្នុងឆ្នាំ២០៣០។

បន្ថែមពីនេះ តាមរយៈខ្សែបណ្តាញជាតិបញ្ជូនអគ្គិសនីឱ្យដល់២៥រាជធានី ខេត្ត បច្ចុប្បន្នយើងបានផ្តល់ការផ្គត់ផ្គង់អគ្គិសនីដល់ភូមិចំនួនជាង ៩៨% និងលំនៅដ្ឋានចំនួនជាង ៨៨% ហើយភូមិទាំងអស់នៃកម្ពុជានឹងទទួលបានការផ្គត់ផ្គង់អគ្គិសនីឱ្យបាន១០០%នៅឆ្នាំ២០៣០ផងដែរ។

រូបភាព៖ EDC

គួរបញ្ជាក់ថា បច្ចុប្បន្នកម្ពុជាកំពុងបន្តអភិវឌ្ឍពង្រឹង និងពង្រីកសមត្ថភាព និងគុណភាពនៃការផ្គត់ផ្គង់ថាមពលអគ្គិសនីបន្ថែមទៀត ដោយយកចិត្តទុកដាក់ធ្វើការអភិវឌ្ឍទាំងប្រព័ន្ធបណ្តាញជាតិ ប្រភពអគ្គិសនី បណ្តាញបញ្ជូនរង និងបណ្តាញចែកចាយ។ ក្នុងពេលជាមួយគ្នានោះ ក៏បានយកចិត្តទុកដាក់ដោះស្រាយឱ្យមានការផ្គត់ផ្គង់អគ្គិសនីដល់ភូមិដាច់ស្រយាល ដែលការផ្គត់ផ្គង់របស់ប្រព័ន្ធបណ្តាញជាតិទៅពុំទាន់ដល់ជាបណ្តើរៗផងដែរ ដោយធ្វើការអភិវឌ្ឍប្រព័ន្ធផ្គត់ផ្គង់អគ្គិសនីខ្នាតតូច ប្រើប្រាស់ថាមពលពន្លឺព្រះអាទិត្យផ្គុំជាមួយប្រព័ន្ធអាគុយស្ដុកថាមពល៕