កូនប្រសារសម្តេចតេជោ ប្រកាសរៀបចំការប្រកួតពានរង្វាន់បាល់ទាត់ «ស្វាយរៀងស៊ុបភើខាប់»

សង្គម​និង​សេដ្ឋកិច្ច

លោក​ឧត្តមសេនីយ៍ឯក​​​ ឌី វិជ្ជា ស្វាមី​របស់​លោកស្រី ហ៊ុន ម៉ាណា ដែល​​ត្រូវ​ជា​កូនប្រសារ​របស់​សម្តេចតេជោ ហ៊ុន សែន ប្រធាន​ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ​​​បាន​ប្រកាស​រៀបចំការប្រកួតពានរង្វាន់បាល់ទាត់ «ស្វាយរៀង​ស៊ុបភើខាប់ (Svay Rieng Super Cup» ជា​ផ្លូវការ នៅ​រសៀល​ថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តាមរយៈសំណេរនៅលើបណ្ដាញសង្គមហ្វេសប៊ុក ​នា​រសៀល​ថ្ងៃ​សុក្រ​នេះ លោក​​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ​​​បាន​​លើក​ឡើង​ថា ​​​បន្ទាប់ពីធ្វើការស្ទង់មតិ កាលពីថ្ងៃម្សិលមិញលើផេកហ្វេសបុគផ្ទាល់ខ្លួនរបស់​លោក​ ចំពោះការ​រៀបចំ​ការប្រកួតបាល់ទាត់ «ស្វាយរៀងស៊ុបភើខាប់» លោក​បានកត់សម្គាល់ឃើញថា ការចូលរួមមតិ​របស់​បងប្អូន​ខេត្តស្វាយរៀង ភាគច្រើនបានគាំទ្រ ឱ្យមានការរៀបចំការប្រកួតមួយនេះ ដូច្នេះលោក​សម្រេចថា នឹង​ធ្វើការ​រៀបចំពានរង្វាន់ “ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)” នៅក្នុងឆ្នាំ២០២៤ ក្រោយចប់​ការ​ប្រកួតពានរង្វាន់ ស្វាយរៀងខាប់ រដូវកាលនេះ។

ជាមួយគ្នានេះ លោក​បានឃើញនូវសំណូមពរ ឱ្យមានការរៀបចំប្រកួតពានរង្វាន់កីឡាបាល់ទាត់នារី ដូចនេះ លោក​ក៏សម្រេចនឹងរៀបចំឱ្យមានការប្រកួតនេះផងដែរ នៅដើមខែមីនា ឆ្នាំ២០២៤។ យ៉ាង​ណា​មិញ ចំពោះ​សំណូមពរ​របស់បងប្អូន ស្នើសុំឱ្យមានការប្រកួតពានកុមារ លោក​បានឃើញ ក៏រីករាយសប្បាយចិត្តនឹង​ទទួល​យក ហើយលោក​នឹងចាត់ឱ្យក្រុមការងារបច្ចេកទេស ដើម្បីចុះទៅពិភាក្សា និងសិក្សាឱ្យបានច្បាស់លាស់​បន្ថែម​ទៀត មុននឹងដាក់ចេញឱ្យមានការប្រកួតពានសម្រាប់កុមារនេះ។

លោក ឌី វិជ្ជា​ ក៏​សូមថ្លែងអំណរគុណ ចំពោះបងប្អូនសាធារណជន ក៏ដូចជាបងប្អូនអ្នកស្វាយរៀង និងអ្នកគាំទ្រ​ស្រលាញ់វិស័យកីឡាបាល់ទាត់ទាំងអស់ ដែលបានចូលរួម និងខមមិនឆ្លើយតបមកវិញគាំទ្រ និងជាមតិនានា ដើម្បីឱ្យ​លោក​ និងក្រុមការងារ យកទៅរៀបចំការប្រកួតពានរង្វាន់ “ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup)” នេះ។

គួរ​រំឭក​ថា កាលពី​ថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ​​លោក​ ឌី វិជ្ជា បាន​ធ្វើការ​ស្ទង់​មតិ​លើ​ទំព័រហ្វេសប៊ុក​របស់​លោក ដោយ​ចោទ​ជា​សំណួរ​ថា៖ “ជូន​ដល់​បងប្អូន​វិស័យ​បាល់ទាត់​ខេត្តស្វាយរៀង ខ្ញុំ​ចង់​បង្កើត ស្វាយរៀងស៊ុបភើខាប់ (Svay Rieng Super Cup) តើ​បងប្អូន​យល់​យ៉ាង​ណា?” ចំពោះ​លទ្ធផល​នៃ​ការ​ស្ទង់​មតិ​នេះ គឺ​ទទួល​បាន​​មតិ​យោបល់​គាំទ្រ​យ៉ាង​ច្រើន។

សូម​ជម្រាប​ថា លោក​ឧត្តមសេនីយ៍ឯក​​​​ ឌី វិជ្ជា អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋាន​កណ្ដាល​សន្តិសុខ គឺ​ជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង, ជា​សមាជិកគណៈកម្មាធិការប្រតិបត្តិ នៃ​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និង​ជា​ប្រធានក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែល​កំពុង​លេង​នៅ​លីគ​​កំពូល​​កម្ពុជា Cambodian Premier League ​ផង​ដែរ៕