កម្ពុជាទទួលបានការនាំចេញអង្ករទៅកាន់ទីផ្សារអេមីរ៉ាត់អារ៉ាប់លើកដំបូង ប្រមាណ៥០០តោន

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជាទទួលបានការនាំចេញអង្ករជាលើកទី១ប្រមាណ ៥០០តោនទៅកាន់ទីផ្សារអេមីរ៉ាតអារ៉ាប់រួម ខណៈការបញ្ជាទិញសរុបក្នុងកម្រិត ៦០០០០តោន ស្មើនឹង ៥៤ លានដុល្លារអាមេរិក។នេះបើតាមលោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ថ្លែងក្នុងពិធីអបអរសាទរការនាំចេញអង្ករកម្ពុជា ទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ លោកស្រី ចម និម្មល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានសម្ដែងនូវការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន វ័នរ៉ូដ គ្រុប ដែលបានទទួលជោគជ័យក្នុងការបញ្ជាទិញ និងនាំចេញអង្ករកម្ពុជាទៅកាន់ទីផ្សារប្រទេសអេមីរ៉ាតអារ៉ាប់រួម និងការដឹកជញ្ជូនលើកទី១ ចំនួន ៥០០ តោន ដោយការបញ្ជាទិញក្នុងកម្រិតចំនួន ៦០០០០ តោន ស្មើនឹង ៥៤ លានដុល្លារអាមេរិក។

លោកស្រី បានបន្តថា ការនាំចេញអង្ករនាពេលនេះ មិនត្រឹមតែជាការធ្វើពាណិជ្ជកម្មប៉ុណ្ណោះទេ ថែមទាំងជាការជំរុញកិច្ចសហប្រតិបត្តិការមិត្តភាពដ៏ល្អរវាងប្រទេសកម្ពុជា ប្រទេសអេមីរ៉ាតអារ៉ាប់រួម និងប្រទេសចិន ដែលមានក្រុមហ៊ុន វ័នរ៉ូដ គ្រុប ជាតំណាងផងដែរ។

លើសពីនេះការនាំចេញនេះនឹងបើកទីផ្សារថ្មីសម្រាប់កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ក្នុងចំណោមប្រទេសទាំង៣នេះ ហើយនឹងផ្តល់ឱកាសថ្មីៗ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ វប្បធម៌ និងវិស័យផ្សេងៗជាច្រើនបន្ថែមទៀត។

ទន្ទឹមនឹងនោះ លោកស្រីក៏បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថានឹងមានការបញ្ជាទិញ និងនាំចេញកាន់តែច្រើនបន្ថែមទៀត និងបានស្នើឱ្យក្រសួង-ស្ថាប័ន និងដៃគូពាក់ព័ន្ធ បន្តពួតដៃគ្នាក្នុងការជំរុញ និងអភិវឌ្ឍវិស័យអង្ករ ព្រមទាំងកេរ្តិ៍ឈ្មោះអង្ករកម្ពុជាលើឆាកអន្តរជាតិផងដែរ។

សូមបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២៣ កម្ពុជាសម្រេចបាននូវការនាំចេញអង្ករជាង ៦៥ម៉ឺនតោន គិតជាទឹកប្រាក់ជាង ៤៦៦លានដុល្លារ។ជាមួយគ្នានេះ កម្ពុជាក៏បាននាំស្រូវចេញជាង ៤លានតោនដែរ ដែលសរុបជាទឹកប្រាក់ប្រមាណជាង ១,៣ពាន់លានដុល្លារ៕