១៥ថ្ងៃមកនេះ រដ្ឋបានអនុម័តគម្រោងវិនិយោគក្នុងទុនប្រមាណជាង៦០លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

គិតត្រឹមរយៈពេល១៥ថ្ងៃ ក្នុងខែមករា ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) បានចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ១០ ក្នុងទុនវិនិយោគប្រមាណជាង ៦០លានដុល្លារ។នេះបើតាមរបាយការណ៍ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងនៅថ្ងៃទី ១៧ ខែមករា ឆ្នាំ២០២៤នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ CDC បានបង្ហាញថា គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ តាមសំណើសុំរបស់ក្រុមហ៊ុនចំនួន ១០ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៦០លានដុល្លារ និងអាចបង្កើតការងារបាន ១២,៦៩៥កន្លែង។

បើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គម្រោងទាំងនោះរួមមាន គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់, រោងចក្រផលិតស្បែកជើង, រោងចក្រផលិតកាបូប, រោងចក្រផលិតគ្រឿងអេឡិចត្រូនិក, រោងចក្រផលិតផលិតផលពីប្លាស្ទិក, រោងចក្រផលិតអំពូលភ្លើង និងគ្រឿងបន្លាស់ជាដើម។

គម្រោងរោងចក្រទាំងនេះ មានទីតាំងស្ថិតនៅរាជធានីភ្នំពេញ២គម្រោង, ខេត្តកំពង់ស្ពឺ៥គម្រោង, ខេត្តតាកែវ២គម្រោង និងខេត្តកណ្តាល១គម្រោង។

សូមបញ្ជាក់ជូនថា ក្នុងឆ្នាំ២០២៣ កម្ពុជាបានអនុម័តគម្រោងវិនិយោគសរុប២៦៨ ក្នុងនោះគម្រោងថ្មី ២៤៧ និងគម្រោងពង្រីកផលិតកម្មចំនួន ២១ ក្រោមទុនវិនិយោគជិត៤,៩ពាន់លានដុល្លារ និងអាចបង្កើតការងារបានប្រមាណ ៣០៧,០០០កន្លែង៕