ក្រសួងកសិកម្ម និងធនាគារវីងសិក្សាពីនីតិវិធីពីការផ្តល់កម្ចីការប្រាក់ទាបដល់សហគមន៍កសិកម្មទំនើប

សង្គម​និង​សេដ្ឋកិច្ច

លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានជួបពិភាក្សាជាមួយក្រុមការងារនៃធនាគារវីង ដើម្បីសិក្សាពីនីតិវិធី និងការគាំទ្រក្នុងការផ្តល់កម្ចីការប្រាក់ទាបជូនដល់សហគមន៍មួយចំនួន ដែលត្រូវបានជ្រើសរើសរួចហើយ ដើម្បីយកមកប្រែក្លាយទៅជាសហគមន៍កសិកម្មទំនើប។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា តាមរយៈអនុស្សរណៈនៃការយោគយល់គ្នា(MOU) ជាមួយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្តីពី«ការប្រើប្រាស់ឥណទានរបស់ធនាគារវីង សម្រាប់ជំរុញការអភិវឌ្ឍវិស័យកសិកម្ម» ធនាគារវីងបានត្រៀមកញ្ចប់ឥណទានពិសេស ក្នុងអត្រាការប្រាក់មិនលើសពី៨%ក្នុងមួយឆ្នាំ ចំនួន ៥លានដុល្លារ សម្រាប់ក្រសួងប្រើប្រាស់ជួយគាំទ្រដល់ប្រជាកសិករ និងវិស័យកសិកម្មនៅកម្ពុជា។ ក្រសួងគ្រោងនឹងជំរុញឱ្យសហគមន៍កសិកម្មទំនើប ដែលនឹងត្រូវបង្កើតឡើងនាពេលខាងមុននេះ អាចមានលទ្ធភាពទទួលបានការជ្រោមជ្រែងជាឥណទានការប្រាក់ទាបដែលបានត្រៀមទុករួចនេះ។

បើយោងតាម អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទសង្កត់ធ្ងន់ថា សហគមន៍កសិកម្មទំនើបផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សហគមន៍។ក្រៅពីការគាំទ្រខាងផ្នែកដើមទុន និងហិរញ្ញវត្ថុ នៅមានអត្ថប្រយោជន៍ផ្សេងៗទៀត ដូចជាការកាត់បន្ថយថ្លៃដើមផលិតកម្ម ការគាំទ្រខាងផ្នែកបច្ចេកទេស ការជួយគាំទ្រខាងផ្នែកទីផ្សារ និងការកាត់បន្ថយពីហានិភ័យនៃបម្រែបម្រួលអាកាសធាតុជាដើម៕ តាកែវ