អាគារជាប់គាំងនៅខេត្តព្រះសីហនុ ត្រូវការទុនវិនិយោគ ១១៦១លានដុល្លារដើម្បីបញ្ចប់ការសាងសង់

សង្គម​និង​សេដ្ឋកិច្ច


លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា បច្ចុប្បន្នអគារផ្អាកដំណើរការសាងសង់នៅខេត្តព្រះសីហនុមានចំនួន ៣៦២ អាគារ ហើយត្រូវការទុនវិនិយោគបន្ថែមប្រមាណ ១១៦១ លានដុល្លារដើម្បីបញ្ចប់ការសាងសង់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
លោក អូន ព័ន្ធមុនីរ័ត្ន

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ ២០២៤» នាព្រឹកថ្ងៃទី៣១ ខែមករា លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ចាប់ពីឆ្នាំ ២០១៦ មក ការវិនិយោគក្នុងខេត្តព្រះសីហនុមានសម្ទុះកើនឡើងយ៉ាងគំហុក ជាពិសេស មានការរីកដុះដាលយ៉ាងលឿនក្នុងចំនួនដ៏ច្រើននូវសំណង់អគារ។ ទោះជាយ៉ាងនេះក្តី ក្នុងដំណាក់កាលពីឆ្នាំ២០១៩តមកទៀតការផ្លាស់ប្តូរនៅក្នុងការវិវត្តនៃស្ថានភាពសង្គម-សេដ្ឋកិច្ច គួបផ្សំ និងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និង បញ្ហាប្រឈមជាសកលផ្សេងទៀតបានបណ្តាលឱ្យសំណង់អគារជាច្រើន ត្រូវបានផ្អាក ឬបញ្ឈប់ដំណើរការសាងសង់។

លោកថ្លែងថា បច្ចុប្បន្នអគារដែលត្រូវបានផ្អាកដំណើរការសាងសង់នៅខេត្តព្រះសីហនុមានចំនួន ៣៦២ អាគារដែលត្រូវការទុនវិនិយោគបន្ថែម ប្រមាណ ១១៦១ លានដុល្លារអាម៉េរិក ដើម្បីបញ្ចប់ការសាងសង់, ខណៈអគារដែលត្រូវបានសាងសង់រួច, ប៉ុន្តែពុំទាន់បានដាក់ដំណើរការប្រើប្រាស់មានចំនួន ១៧៦ ។

សម្តេចធិបតី ហ៊ុន ម៉ាណែត

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការកម្មវិធីពិសេសជំរុញការវិនិយោគនៅខេត្តព្រះសីហនុ នាព្រឹកនេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ថា កម្មវិធីពិសេសជំរុញការវិនិយោគ ក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤នេះ ក្នុងគោលបំណងជំរុញសកម្មភាពការវិនិយោគ ក៏ដូចជាការដោះស្រាយបញ្ហានានា ដែលកំពុងប្រឈម និងកំពុងជាប់គាំង ដើម្បីប្រែក្លាយខេត្តព្រះសីហនុ ឱ្យទៅជាខេត្តឈានមុខ ក្នុងការបង្កើនកំណើនសេដ្ឋកិច្ចជាតិឱ្យកាន់តែប្រសើរ។

ទន្ទឹមនឹងនេះ សម្ដេចនាយករដ្ឋមន្រ្តី បានប្រកាសយកឆ្នាំ២០២៤ ជាឆ្នាំជំរុញសកម្មភាពងើបឡើងវិញនូវកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ខណៈសន្ទុះនៃសេដ្ឋកិច្ចពិភពលោក កំពុងកើនឡើង៕