លោក អួន ស៊ីឡុត៖ ការនាំចេញគ្រាប់ស្វាយចន្ទីឆ្នាំនេះនឹងធ្លាក់ចុះ ដោយសារសហគ្រាសកែច្នៃក្នុងស្រុកមានការកើនឡើង

សង្គម​និង​សេដ្ឋកិច្ច

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា ទិន្នផលស្វាយចន្ទីឆ្នាំ២០២៤នេះ រំពឹងថានឹងមានការថយចុះ ស្របពេលជាមួយគ្នានេះការនាំចេញគ្រាប់ស្វាយចន្ទីក៏មានធ្លាក់ចុះផងដែរ ដោយសារការកើនឡើងសហគ្រាសកែច្នៃក្នុងស្រុកច្រើន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក អួន ស៊ីឡុត បានបន្តថា នៅឆ្នាំ២០២៤នេះ សមាគមស្វាយចន្ទីបានធ្វើការព្យាករទម្លាក់ទិន្នផលស្វាយចន្ទីឆ្នាំនេះនឹងបន្តធ្លាក់ចុះ១០% ទៅ៣០% ឬលើសនេះ បើធៀបនឹងឆ្នាំ ២០២៣ ក្រោយពីបានសង្កេតបាតុភូតអែលនីញ៉ូ និងផលប៉ះពាល់លើដំណាំស្វាយចន្ទី ហើយចន្ទីចាប់ផ្តើមគាំងក្តឹបនិងខូចផ្កា និងការកកើតសត្វល្អិតបំផ្លាញច្រើន។

ចំណែកឯការនាំចេញគ្រាប់ស្វាយចន្ទីជាទូទៅក៏មានការរំពឹងថានឹងធ្លាក់ចុះផងដែរ ដោយសារសហគ្រាសក្នុងស្រុកចាប់ផ្តើមកើនឡើង និងប្រជែងទិញច្រើន ពីព្រោះកន្លងមកធនាគារមួយចំនួនរបស់រដ្ឋដូចជា SME Bank, ARDB Bank និងធនាគារមីក្រូហិរញ្ញវត្ថុ AMK បានជួយជ្រោមជ្រែងលើវិស័យស្វាយចន្ទី។ហើយធនាគារមួយចំនួនទៀតក៏ចាប់ផ្តើមចាប់អារម្មណ៍ដែរ ដែលជាការផ្តល់ទុនបង្វិលជូនដល់រោងចក្រកែច្នៃសម្រាប់បង្វិលទិញគ្រាប់ស្វាយឆៅ។

បើតាមលោក អួន ស៊ីឡុត «ការរំពឹងនៃការនាំចេញធ្លាក់ចុះនេះមិនមែនជាការបង្ហាញពីភាពអវិជ្ជមានទេ ផ្ទុយមកវិញជាការបង្ហាញពីភាពវិជ្ជមានច្រើន ដោយសារតែមានការងើបឡើងពីសហគ្រាសក្នុងស្រុក។អ្វីដែលវិជ្ជមាននោះមានន័យថាសហគ្រាសនៅក្នុងស្រុក មានការរីកដុះដាល ដោយសារតែគោលនយោបាយជាតិស្តីពីស្វាយចន្ទីរបស់រាជរដ្ឋាភិបាល ដែលផ្តល់អាទិភាពលើស្វាយចន្ទី ដូច្នេះហើយបានជាធនាគារមួយចំនួនធំបានផ្តល់កម្ចីក្នុងអត្រាការប្រាក់អនុគ្រោះទៅដល់សហគ្រាស»។

លោកបន្ថែមថា ការលក់ចេញគ្រាប់ស្វាយចន្ទីឆៅក៏ល្អ យើងកែច្នៃក៏ល្អដែរ អ្វីដែលសំខាន់ឱ្យតែមានទីផ្សារ ប៉ុន្តែអ្វីដែលល្អជាងនេះនោះគឺយើងអាចកែច្នៃក្នុងស្រុករបស់យើង ហើយយើងអាចផ្តល់តម្លៃបន្ថែមដល់កសិករ និងជួយបង្កើតការងារដល់ពលករនៅក្នុងសហគមន៍។

លោកគូសបញ្ជាក់ថា ការដែលមានរោងចក្រកែច្នៃច្រើននៅក្នុងស្រុក ជាការបន្ថែមតម្លៃដល់កសិករ និងបង្កើតការងារនៅក្នុងស្រុកផងដែរ។ការកែច្នៃក្នុងស្រុកជារឿងល្អ ជាជាងការនាំគ្រាប់ឆៅទៅក្រៅប្រទេស៕