Lippo Group ជួបសម្តេចធិបតី ហ៊ុន ម៉ាណែត នៅស្វីស ឥឡូវមកកម្ពុជាចាប់អារម្មណ៍វិនិយោគលើវិស័យអចលនទ្រព្យ និងផ្សារទំនើប

សង្គម​និង​សេដ្ឋកិច្ច


Lippo Group ជាក្រុមហ៊ុនរបស់ឥណ្ឌូនេស៊ី បានបង្ហាញចំណាប់អារម្មណ៍វិនិយោគលើវិស័យអចលនទ្រព្យ ផ្សារទំនើប សុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារ នៅប្រទេសកម្ពុជា។ ការបង្ហាញបំណងវិនិយោគធ្វើឡើងក្នុងជំនួបរវាងលោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក Jonh Riady នាយក ប្រតិបត្តិក្រុមហ៊ុន Lippo Group កាលពីថ្ងៃទី១៩ ខែកុម្ភៈម្សិលមិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

គួរឲ្យកត់សម្គាល់ថា ការបង្ហាញចំណាប់អារម្មណ៍វិនិយោគនៅប្រទេសកម្ពុជារបស់ក្រុមហ៊ុនយក្សឥណ្ឌូនេស៊ី ធ្វើឡើងបន្ទាប់ពីកាលថ្ងៃទី១៧ ខែមករាកន្លងទៅ ក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ថ្នាក់ដឹកនាំក្រុមហ៊ុន Lippo Group ចូលជួបពិភាក្សាការងារជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីមក្នុងនោះដែលសម្ដេចលើកទឹកចិត្តឱ្យក្រុមហ៊ុនពិនិត្យលទ្ធភាពសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀត នៅក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបជាមួយលោក ស៊ុន ចាន់ថុល លោក Jonh Riady បានបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរីកចម្រើនគួរឱ្យកត់សម្គាល់របស់កម្ពុជា ពិសេសការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលថ្មីនេះ។ ក្នុងនោះដែរចំពោះបរិយាកាសវិនិយោគនៅកម្ពុជា លោកមានចំណាប់អារម្មណ៍លើវិស័យមួយចំនួននៅកម្ពុជា រួមមាន៖ វិស័យអចលនទ្រព្យ ផ្សារទំនើប សុខាភិបាល និងសេវាកម្មហិរញ្ញវត្ថុ-ធនាគារជាដើម។

សូមជម្រាបថា ក្រុមហ៊ុន Lippo Group ជាក្រុមហ៊ុនមានបទពិសោធន៍ប្រមាណ ៦០ឆ្នាំដែលកំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោកក្នុងវិស័យអចលនទ្រព្យ ការលក់រាយ បដិសណ្ឋារកិច្ចនិងការកម្សាន្ត ការថែទាំសុខភាព ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយនិងព័ត៌មាន ទូរគមនាគមន៍ បច្ចេកវិទ្យាឌីជីថល និងសេវាកម្មហិរញ្ញវត្ថុជាដើម៕