ទូតកូរ៉េ៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ តម្លៃជាង ២៤៥លានដុល្លារ គ្រោងបើកការដ្ឋានសាងសង់នៅដើមឆ្នាំ២០២៥

សង្គម​និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា បានឱ្យដឹងថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលភ្ជាប់ពីផ្សាររាត្រី-ជ្រោយចង្វារ និងពីជ្រោយចង្វារ-អរិយក្សត្រ អាចគ្រោងនឹងបើកការដ្ឋានសាងសង់បាននាដើមឆ្នាំ២០២៥ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការឡើកឡើងដូច្នេះ បានធ្វើឡើងក្នុងកិច្ចពិភាក្សាការងារ រវាងឯកអគ្គរដ្ឋទូតសាធារណរដ្ឋកូរ៉េ ប្រចាំកម្ពុជា ជាមួយលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលទី២១ ខែកុម្ភៈ ឆ្នាំ២០២៤។

នាឱកាសនោះ លោក ផាក ជុងវ៉ុក (H.E. Mr. Park Jung-Wook) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋកូរ៉េប្រចាំកម្ពុជា ក៏បានជម្រាបជូនអង្គប្រជុំអំពីវឌ្ឍនភាពនៃ គម្រោងសាងសង់ស្ពានមិត្តភាព កម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយចង្វារ-អរិយក្សត្រ) ដែលកំពុងអនុវត្តតាមនីតិវិធីជាបន្តបន្ទាប់ដោយរលូន ហើយរំពឹងថានឹងអាចបើកការដ្ឋានសាងសង់បាននាដើមឆ្នាំ២០២៥ ខាងមុខ។

ក្នុងឱកាសនោះដែរ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានលើកឡើងអំពីផែនការមេគ្រប់ជ្រុងជ្រោយស្តីពី ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣-២០៣៣ ដោយបានកំណត់នូវគម្រោងអាទិភាពចំនួន ១៧៤ ត្រូវការទុនវិនិយោគប្រមាណ ៣៦,៦ ពាន់លានដុល្លារអាម៉េរិក ដែលត្រូវបានអនុម័តដោយរាជរដ្ឋាភិបាលកម្ពុជា កាលពីថ្ងៃទី០២ ខែសីហា ឆ្នាំ២០២៣ កន្លងទៅ។

បន្ថែមពីនេះ  លោករដ្ឋមន្ត្រី ក៏បានសំណូមពរឱ្យភាគីកូរ៉េ ពិនិត្យលទ្ធភាព និងឱកាសពិចារណាលើការវិនិយោគ ចំពោះគម្រោងណាមួយ នៅក្នុងផែនការមេខាងលើផងដែរ។

សូមរម្លឹកដែរថា គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េ (ផ្សាររាត្រី-ជ្រោយចង្វារ, ជ្រោយចង្វារ – អរិយក្សត្រ) មានទឹកប្រាក់ឥណទានចំនួន ២៤៥ ៩០៩ ០០០ ដុល្លារអាមេរិក វិសាលភាពរបស់គម្រោង គឺសាងសង់ស្ពានចំនួន ២ នៅទីតាំង «ផ្សាររាត្រី – ជ្រោយចង្វារ និង ជ្រោយចង្វារ – អរិយក្សត្រ» ជាស្ពានប្រភេទខ្សែកាបយោងខ្ពស់ សាងសង់ជា៤គន្លង ប្រភេទ A/C, ទទឹងស្ពានមានប្រវែងសរុប ២៧,៥ ម៉ែត្រ និងទទឹងផ្លូវប្រវែង ២២,៥ ម៉ែត្រ ដែលមានមេដ្យាន៣ម៉ែត្រ និងចិញ្ចើមផ្លូវ ៣ ម៉ែត្រ, ល្បឿនអតិបរមា ៨០ គ.ម/ម៉ោង។

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ ត្រូវសាងសង់ស្ពានចំនួន២រួមមាន៖ស្ពានទី ១៖ ឆ្លងកាត់ទន្លេសាប (ចាប់ផ្តើមពីចំណុចម្តុំសួនផ្សាររាត្រី (ផ្សារចាស់) ឆ្លងកាត់ទៅត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) មានប្រវែង ១,១៩ គ.ម និងស្ពានទី ២៖ ឆ្លងកាត់ទន្លេមេគង្គ ចាប់ផ្តើមពីចំណុចត្រើយម្ខាងជ្រោយចង្វារ (ក្បែរសណ្ឋាគារសុខា) ឆ្ពោះទៅប្រសព្វនឹងផ្លូវលេខ ៣៨០ ឃុំអរិយក្សត្រ (ស្រុកល្វាឯម/ខេត្តកណ្តាល) មានប្រវែង ១,១៨ គ.ម និងផ្លូវតភ្ជាប់ទៅផ្លូវប្រសព្វនឹងផ្លូវលេខ ៣៨០ មានប្រវែង ១,១៧ គ.ម ។ គម្រោងនេះ មានរយៈពេលអនុវត្តចំនួន ៥ ឆ្នាំ ២ ខែ (៦២ ខែ) និងរយៈពេលសាងសង់ចំនួន ៣ ឆ្នាំ ៩ ខែ(៤៧ខែ)។

សូមជម្រាបថា គម្រោងឥណទានទឹកប្រាក់ជាង ២៤៥ លានដុល្លារសម្រាប់សាងសង់ស្ពាន មិត្តភាពកម្ពុជា-សាធារណរដ្ឋកូរ៉េនេះ ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា៕ អត្ថបទ៖ រង្សី