ការផ្គត់ផ្គង់ទឹកសា្អតកើនឡើង១៦%ក្នុងឆ្នំា២០២៣

សង្គម​និង​សេដ្ឋកិច្ច

ក្នុងពិធីបង្ហាញសមិទ្ធផលការងារឆ្នំា២០២៣ និងលើកទិសដៅការងារជាយុទ្ធសាស្ត្រសម្រាប់ឆ្នំា២០២៤នៅថ្ងៃទី២០ កុម្ភៈនេះ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ បានបញ្ជាក់ថា ក្រសួងបានបោះជំហានគួរឱ្យកត់សម្គាល់ក្នុងការផលិតទឹកស្អាតសម្រាប់ទំាងការប្រើប្រាស់ តាមលំនៅឋាន និងតាមរោងចក្រ សហគ្រាសនានា។ ការផលិតនិងការផ្គត់ផ្គង់ទឹកស្អាតនៅទូទំាងប្រទេសសម្រេចបានជាង៤៦១ លានម៉ែត្រគូប កើនឡើងប្រមាណ១៦%។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើយោងតាមរដ្ឋមន្ត្រី នៅដំណាច់ឆ្នំា២០២៣ រដ្ឋាករទឹកសាធារណៈ និងប្រតិបត្តិករឯកជនបានធ្វើការតភ្ជាប់បណ្តាញទឹកស្អាតសរុបជាង ១លាន៣០ម៉ឺនតំណ កើនឡើងជាង៨% បើប្រៀបធៀបនឹងមួយឆ្នំាមុន ហើយប្រហែងបណ្តាញផ្គត់ផ្គង់ទឹកស្អាតបានកើនឡើង ៣.០៦៧គីឡូម៉ែត្រ(ឬ១១% ដល់៣០.៣៥១ គីឡូម៉ែត្រ។ ប្រការនេះបានធ្វើឱ្យភូមិចំនួន៦.៥១៩ ក្នុងចំណោមតំបន់សេវាសរុប ១០.១៧៣ភូមិទទួលបានទឹកស្អាតប្រើប្រាស់ ។

លោកបញ្ជាក់ថា «នៅក្នុងឆ្នំា២០២៣ គម្រោងហេដ្ឋារចនាសម្ព័ន្ធទឹកស្អាតចំនួន៥ត្រូវបានបញ្ចប់។ ក្នុងនោះ២គម្រោងជាហិរញ្ញប្បទានឥតសំណងរបស់ប្រទេសជប៉ុន ដែលស្មើប្រមាណជាង៥០លានដុល្លារអាមេរិកនិងគម្រោងហិរញ្ញប្បទានសម្បទានពីដៃគូអភិវឌ្ឍន៍នានាមានចំនួន៣ គម្រោងស្មើប្រមាណ៤១៤លានដុល្លារអាមេរិក»៕តាកែវ