សម្តេចព្រះមហាក្សត្រី យាងកាត់ខ្សែបូរនិមិត្តរូបសម្ពោធអគារសិក្សា និងហេដ្ឋារចនាសម្ព័ន្ធចំនួន៤កន្លែងតម្លៃជាង ២លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ព្រះរាជសមិទ្ធិផលចំនួន ៤កន្លែងតម្តៃប្រមាណជាង ២លានដុល្លារអាមេរិក សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ សព្វព្រះរាជហឬទ័យ ស្តេចយាងកាត់ខ្សែបូរនិមិត្តរូបនៃព្រះរាជពិធីសម្ពោធប្រោសព្រះរាជទានដល់ប្រជារាស្ត្រ ជាកូនចៅ ចៅទួតរបស់ព្រះអង្គ ស្ថិតក្នុងខេត្តទាំង៤ មានខេត្តស្ទឹងត្រែង តាកែវ កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ នៅព្រះបមរាជវាំង កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ព្រះរាជអំណោយរបស់សម្តេចឪ សម្តេចម៉ែ មានស្តូបព្រះបរមឆាយាលក្ខ័ព្រះករុណា ព្រះបរមរតនកោដ្ឋ, មណ្ឌលសុខភាពព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ អូរស្វាយ, សាលាបឋមសិក្សាព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ អូរស្វាយ នៅឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង, វិទ្យាល័យព្រះនរោត្តម សីហនុរាជា និងសម្តេចព្រះវររាជមាតា នរោត្តម មុនិនាថ សីហនុ តុំ ស្ថិតក្នុងសង្កាត់រក្រៅ ក្រុងដូនកែវ ខេត្តតាកែវ, ផ្លូវលំក្រាលគ្រួសក្រហម មួយខ្សែ ប្រវែង ៣ពាន់ម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងចាន់ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង និងស្រះទឹក១កន្លែង មានទំហំបណ្តោយ ១០០ម ទទឹង ៧៥ម ជម្រៅ៣ម នៅឃុំទ័ពមាន ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។

របាយការណ៍ក្រសួងព្រះបរមរាជវាំង ព្រះរាជសមិទ្ធិផលទាំង៤កន្លែងខាងលើ មានតម្លៃសរុប ១១ ០៩២ ៨១៣ ២៥០ រៀល ស្មើនឹង ២ ៧៧៣ ២០៣ ដុល្លារសហរដ្ឋអាមេរិក។ ព្រះរាជអំណោយទាំង៤កន្លែងនេះ សម្តេចព្រះមហាក្សត្រី ព្រះអង្គប្រោសព្រះរាជទានជាឧត្តមប្រយោជន៍របស់ប្រជារាស្ត្រ ពិសេសសិស្សានុសិស្សនៅក្នុងខេត្តទាំង៤ បានប្រើប្រាស់ក្នុងការទទួលយកចំណេះដឹង ដើម្បីប្រែក្លាយទៅជាពលរដ្ឋដ៏ប្រសើរ ប្រកបដោយចំណេះដឹង និងសីលធម៌ខ្ពង់ខ្ពស់ក្នុងការចូលរួមចំណែកបម្រើប្រទេសជាតិយើងនៅពេលអនាគត។

ក្រសួងព្រះបរមរាជវាំង គូសបញ្ជាក់ថា ព្រះរាជសកម្មភាពដ៏ថ្លៃថ្លានេះ គឺបានបង្ហាញអំពីព្រះរាជហប្ញទ័យដ៏ខ្ពង់ខ្ពស់ថែមទៀត នៃសម្តេចព្រះមហក្សត្រី ដែលព្រះអង្គបានគោរពដង្ហែតាមព្រះរាជគំរូវិរភាពដ៏ឧដុង្គឧត្តម របស់ព្រះករុណាព្រះបរមរតនកោដ្ឋ ប្រោសព្រះរាជទាននូវព្រះរាជទ្រព្យដ៏ច្រើនសន្ធឹកសន្ធាប់ថ្លៃថ្លាជាបន្តបន្ទាប់ ដើម្បីជាឧត្តមប្រយោជន៍នៃការជួយសង្គ្រោះអាយុជីវិត ការថែបំប៉នសុខភាពប្រជារាស្ត្រទូទៅ ជាកូនចៅ ចៅទូតរបស់ព្រះអង្គ អោយមានសុខភាពមាំមួន៕