ស្ថានទូអូស្ត្រាលី៖ កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ធ្វើឡើងដើម្បីតភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្មនិងការវិនិយោគកាន់តែស៊ីជម្រៅ

សង្គម​និង​សេដ្ឋកិច្ច

យោងតាមបណ្តាញទំនាក់ទំនងផ្លូវការរបស់ស្ថានទូតអូស្ត្រាលីនៅពីរម៉ោងមុននេះបានបង្ហាញគូសបញ្ជាក់ថា កិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្ត្រាលី ដែលបានរៀបចំឡើងដើម្បីភ្ជាប់ទំនាក់ទំនងពាណិជ្ជកម្ម និងការវិនិយោគកាន់តែស៊ីជម្រៅ ហើយផ្អែកលើខ្លឹមសារខាងលើនេះ អូស្ត្រាលីបានលើកជាសំនួរថាតើអ្នកដឹងទេ តំបន់អាស៊ានអាចនឹងក្លាយជាមហាសេដ្ឋកិច្ចលំដាប់ទី៤ក្នុងពិភពលោកនៅឆ្នាំ២០៤០?

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អូស្ត្រាលីកំពុងត្រៀមខ្លួនដើម្បីអនាគតមួយនេះ រួមទាំងតាមរយៈការធ្វើជាម្ចាស់ផ្ទះវេទិកាថ្នាក់ដឹកនាំធុរកិច្ច ក៏ដូចជាសន្និសីទសហគ្រាសធុនតូច និងមធ្យមកាលពីសប្តាហ៍កន្លងទៅ ដើម្បីពិភាក្សាអំពីឱកាស និងបញ្ហាប្រឈមនានាក្នុងការបង្កើនពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគីរវាងអាស៊ីអាគ្នេយ៍ និងប្រទេសអូស្ត្រាលី។

បើតាមប្រភពខាងលើសង្កត់ធ្ងន់ថា កិច្ចប្រជុំកំពូលនេះ បានជំរុញការអនុវត្តយុទ្ធសាស្ត្រសេដ្ឋកិច្ចអាស៊ីអាគ្នេយ៍របស់ប្រទេសអូស្ត្រាលី រួមទាំងការប្រកាសរបស់ លោកនាយករដ្ឋមន្ត្រីអូស្ត្រាលី អាល់បូនីស៊ី នូវការផ្តល់ហិរញ្ញប្បទានដែលមានទឹកប្រាក់ចំនួន ២ពាន់លានដុល្លារ ដើម្បីជួយលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការវិនិយោគរបស់ប្រទេសអូស្ត្រាលីនៅក្នុងតំបន់ ក៏ដូចជាមុខតំណែងថ្មីនៅស្ថានទូត ដូចជាមន្ត្រីផ្នែកវិនិយោគ ព្រមទាំងការបង្កើតការិយាល័យកណ្តាល នៅប្រទេសសិង្ហបុរី ហ្សាកាតា និងទីក្រុងហូជីមិញ ដោយមានតំណាងទូទាំងតំបន់រួមទាំងនៅទីនេះនៅទីក្រុងភ្នំពេញផងដែរ។

លោក Don Farrell រដ្ឋមន្ត្រីពាណិជ្ជកម្ម និងទេសចរណ៍ប្រទេសអូស្ត្រាលី មានប្រសាសន៍ថា ការទាញយកសក្តានុពលពេញលេញនៃទំនាក់ទំនងសេដ្ឋកិច្ចរបស់យើង គឺច្រើនជាងការជំរុញពាណិជ្ជកម្មរបស់យើងទៅទៀត។ វាក៏ផ្តោតផងដែរទៅលើការធ្វើឱ្យការវិនិយោគរបស់ប្រទេសអូស្ត្រាលីកាន់តែស៊ីជម្រៅនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងការពន្លឿនការវិនិយោគពីបណ្តាប្រទេសជាដៃគូអាស៊ានរបស់យើងនៅទីនេះក្នុងប្រទេសអូស្ត្រាលី។

លោក Tim Ayres ឧបការីរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មប្រទេសអូស្ត្រាលី បានថ្លែងនៅក្នុងវេទិកាធុរកិច្ចដែលរៀបចំដោយសភាពាណិជ្ជកម្មកម្ពុជាផងដែរថា អាស៊ាន និងអូស្ត្រាលីមានទំនាក់ទំនងគ្នាតាមផ្នែកជាច្រើន ដូចជា ភូមិសាស្ត្រ ស្ថាប័នរាជរដ្ឋាភិបាល ការអប់រំ ប្រជាជន វប្បធម៌ និងសហគមន៍នានា។ យើងផ្តោតលើរបៀបដែលយើងអាចលើកកម្ពស់វិស័យពាណិជ្ជកម្ម និងការវិនិយោគដើម្បីផលប្រយោជន៍ទាំងអាស៊ាន និងប្រទេសអូស្ត្រាលី៕ តាកែវ